ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ច្រានចោលការរំលាយសភាជាន់ទាប អំឡុងពេលសម័យប្រជុំសភា

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ​បានច្រានចោលការរំលាយសភាជាន់ទាប នៃរបបដឹកនាំ ក្នុងអំឡុងពេលសម័យប្រជុំសភា ដែលកំពុងបន្តរហូតដល់ សប្តាហ៍ក្រោយ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ទំនងជានឹងដាក់សំណើមិនទុកចិត្តប្រឆាំងនឹងគណៈរដ្ឋមន្ត្រីរបស់លោក។

លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់លោក គឺ “ដោះស្រាយបញ្ហាប្រឈម ដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយដោយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្ត នៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្ននោះទេ” ។

អ្នកជំនាញនយោបាយខ្លះឲ្យដឹងថា លោក គីស៊ីដា អាចនឹងរំលាយសភាជាន់ទាបនៅរដូវស្លឹកឈើជ្រុះ បន្ទាប់ពីរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដែលជាអ្វីដែលអតីតនាយករដ្ឋមន្ត្រី បានធ្វើជាញឹកញាប់កាលពីអតីតកាល ដើម្បីធ្វើឱ្យរូបភាពនៃរដ្ឋាភិបាលរបស់ពួកគេមានប្រជាប្រិយ។

អ្នកជំនាញបានបន្ថែមថា ពេលវេលា នៃការរំលាយសភាជាន់ទាប អាចនឹងត្រូវពន្យារពេលបន្ថែមទៀត ប្រសិនបើអត្រា នៃការគាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោកបង្ហាញសញ្ញាកើនឡើង ខណៈដែលលោកបានប្រឈមមុខនឹងការរិះគន់ពីគណបក្សប្រឆាំង និងអ្នកបោះឆ្នោតលើបញ្ហាមួយចំនួន។

នៅព្រឹកថ្ងៃដដែល គណបក្សប្រជាធិបតេយ្យធម្មនុញ្ញ នៃប្រទេសជប៉ុន បានសម្តែងការខ្នះខ្នែង ក្នុងការដាក់ញត្តិមិនទុកចិត្តមួយប្រឆាំងនឹងគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ដោយតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដូចជា សេចក្តីព្រាងច្បាប់ ដើម្បីទទួលបានមូលនិធិ ដើម្បីពង្រឹងសមត្ថភាពការពាររបស់ប្រទេស។

ការផ្លាស់ប្តូរដែលបានគ្រោងទុកដោយប្លុកប្រឆាំង មិនមែនជារឿងចម្លែកទេក្នុងអំឡុងពេលដំណើរការរហូតដល់ការបិទសម័យប្រជុំសភាធម្មតា ដែលជាធម្មតាត្រូវបានកោះប្រជុំក្នុងខែមករា ហើយវាស្ទើរតែប្រាកដណាស់ ដែលត្រូវបានបោះឆ្នោតទម្លាក់ដោយសំឡេងភាគច្រើនកាន់អំណាច។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្ត ដែលធ្វើឡើង ដោយគណបក្សប្រឆាំង បានទាក់ទាញការចាប់អារម្មណ៍ ព្រោះវាអាចជំរុញឱ្យលោក គីស៊ីដា រំលាយសភាជាន់ទាប ក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកអាណត្តិសាធារណៈថ្មី សម្រាប់រដ្ឋាភិបាលរបស់លោក ជាមួយនឹងការវាយតម្លៃការយល់ព្រម សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោកបានកើនឡើង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top