ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា រុស្ស៊ី បានបញ្ជូនអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រដំបូង ទៅកាន់ប្រទេសជិតខាង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នោះគឺប្រទេស ប៊ែលឡារុស្ស ដែលនេះជាសកម្មភាព បង្ហាញឲ្យឃើញថា ទំនងជានឹង បង្កើនភាពតានតឹង បន្ថែមទៀត ជាមួយប្រទេសលោកខាងលិច ជុំវិញសង្គ្រាមកើតឡើង នៅអ៊ុយក្រែន ។
គួរបញ្ជាក់ថា នេះជាលើកដំបូង ហើយសម្រាប់រុស្ស៊ី ដែលបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីពួកគេត្រូវបានដកខ្លួន ចេញពីសាធារណរដ្ឋ គឺអតីតសហភាពសូវៀត ក្រោយពីបានដួល រលំនៅក្នុងឆ្នាំ១៩៩១ ។
នៅក្នុងសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg លោក ពូទីន បានថ្លែងដូច្នេះថា “ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានបញ្ជូនទៅទឹកដីប៊ែលឡារុស្ស ហើយ” ហើយលោកបានលើកឡើងថា “ នេះគឺជារឿងបាច់ណាស់” ។
លោកបានថ្លែងឲ្យដឹងទៀតថា “យើងនឹងបញ្ចប់ការងារនេះ នៅចុងឆ្នាំនេះតែម្តង” ខណៈដែលបានធ្វើការកត់សម្គាល់ថា ការសម្រេចចិត្តបញ្ជូនអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលត្រូវបានរចនាឡើង សម្រាប់ការវាយប្រហារ មានកំណត់នៅលើសមរភូមិ គឺជាវិធានការទប់ស្កាត់ ។
ប្រទេសប៊ែលឡារុស្ស គឺមានព្រំប្រទល់ជាប់នឹង ប្រទេសសមាជិកនៃអង្គការ NATO ក្នុងរួមទាំង ប្រទេសប៉ូឡូញ ហើយបានជួយដល់រុស្ស៊ី ក្នុងការឈ្លានពានយោធារបស់ខ្លួន ខណៈដែលមិនចូលរួម ក្នុងការឈ្លានពានដោយផ្ទាល់នោះទេ ។
ចំពោះការអះអាងថា រុស្ស៊ី កំពុង មានជ័យជម្នះ នៅក្នុងសង្គ្រាមប្រឆាំង នឹងអ៊ុយក្រែន លោក ពូទីន បានថ្លែងដូច្នេះតាមរយៈអ្នកបក ប្រែដោយបានសង្កត់ធ្ងន់ថា ខណៈដែលការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺ “អាចធ្វើទៅបាន តាមការប្រកាស” វាគ្រាន់តែជាការចាំបាច់ត្រូវប្រើ ប្រសិនបើ “មានការគំរាមកំហែងណា មួយដល់ភាពជារដ្ឋរបស់រុស្ស៊ី មែននោះ” ៕