ព័ត៌មានអន្តរជាតិ

រុស្ស៊ី គ្រោងនឹងសាងសង់ស្ថានីយ៍ ថាមពលនុយក្លេអ៊ែរ តូចមួយបន្ថែមទៀត នៅចុងបូព៌ា

ម៉ូស្គូ ៖ សាជីវកម្មថាមពលអាតូមិក រដ្ឋរបស់រុស្ស៊ី Rosatom គ្រោងនឹងសាងសង់ស្ថានីយ៍ ថាមពលនុយក្លេអ៊ែរ តូចមួយបន្ថែមទៀត នៅក្នុងតំបន់ស្វយ័ត Chukotka នៃចុងបូព៌ារបស់រុស្ស៊ី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃសុក្រ ។

សារព័ត៌មាន PrimaMedia ដែលជាសារព័ត៌មានឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok បានរាយការណ៍ថា សាជីវកម្មថាមពលអាតូមិក រដ្ឋរបស់រុស្ស៊ី Rosatom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអាជ្ញាធរក្នុងតំបន់ក្នុងអំឡុង ពេលវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ដែលបន្ត ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍។

របាយ​ការណ៍​បាន​បង្ហាញ​ថា ស្ថានីយ​នេះ​នឹង​ទទួល​យក​ប្រព័ន្ធ​រ៉េអាក់ទ័រ ដែល​បាន​បង្កើត​ឡើង​ក្នុង​ស្រុក ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០៣០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

របាយការណ៍បានឲ្យដឹងថា ការរចនាបច្ចេកទេសសម្រាប់ប្រព័ន្ធរ៉េអាក់ទ័រ និងឧបករណ៍ បច្ចេកវិជ្ជាសំខាន់ៗផ្សេងទៀតនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៤ ។ ស្ថានីយ​នេះ​ត្រូវ​បាន​សាងសង់​ឡើង ដើម្បី​បំពេញ​តម្រូវ​ការ​ថាមពល ​ក្នុង​តំបន់​នឹង​ផលិត ​ថាមពល​អគ្គិសនី​រហូត​ដល់​ទៅ ១០ មេហ្គាវ៉ាត់។

កាលពីខែមេសា ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ របស់រុស្ស៊ីបានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីសាងសង់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរដាច់ដោយឡែកនៅ Yakutia ស្ថិតនៅចុងបូព៌ារបស់រុស្ស៊ី ហើយស្ថានីយ៍នេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅឆ្នាំ២០២៨៕

Most Popular

To Top