ព័ត៌មានអន្តរជាតិ

Update៖ ជប៉ុន យល់ព្រមស្ថាបនាឡើងវិញ នូវតំបន់ដែលរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងប្រទេស អ៊ុយក្រែន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះប្រទេសជប៉ុនបានយល់ព្រមជាមួយប្រទេសអ៊ុយក្រែន ដើម្បីបង្កើត ប្រព័ន្ធទំនាក់ទំនង ដែលនឹងគាំទ្រ ដល់ប្រទេសអឺរ៉ុបខាងកើត នៅក្នុងកិច្ចខិតខំប្រឹង ប្រែងរបស់ខ្លួន ក្នុងការស្តារឡើងវិញ នូវតំបន់ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរ នៅក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ី ដែលកំពុង បន្តកើតមានឡើង ។

នៅក្នុងពិធីមួយនៅក្នុងទីក្រុងតូក្យូ លោក Hiromichi Watanabe រដ្ឋមន្ត្រីស្តារឡើងវិញរបស់ប្រទេសជប៉ុន និងលោក Oleksandr Kubrakov ឧបនាយករដ្ឋមន្ត្រី សម្រាប់ការស្ដារឡើងវិញ នៃប្រទេស អ៊ុយក្រែន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយទាក់ទងនឹងគំនិតផ្តួចផ្តើម គាំទ្រការស្តារឡើងវិញ ។

តាមសំណើរបស់ប្រទេសអ៊ុយក្រែន ទីក្រុងតូក្យូ មានបំណងផ្តល់ដំបូន្មាន និងចំណេះដឹងដល់ទីក្រុង គៀវ ដើម្បីប្រើប្រាស់ក្នុងការស្តារឡើងវិញ នូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយផ្អែកលើបទពិសោធន៍ ដែលទទួលបានពីគ្រោះរញ្ជួយដី ដ៏ធំនៅក្នុងឆ្នាំ២០១១ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារតំបន់ភាគឦសាន នៃប្រទេសជប៉ុន ។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុន នឹងជួយក្នុងការសាងសង់ផ្ទះ និងសាលារៀនឡើងវិញ និងជួយក្នុងការស្ដារឡើងវិញ នូវសេវាទឹក និងប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលត្រូវបានបំផ្លាញនៅក្នុងអំឡុង ពេលសង្គ្រាមដែលឡើងដោយរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top