រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា លោកស្រី អ៊ុងសាន ស៊ូជី វ័យ៧៨ឆ្នាំរបស់ប្រទេសមីយ៉ាន់ម៉ា បានចំណាយពេលធ្វើខួបកំណើតជាលើកទី៣ជាប់ៗគ្នាដែលស្ថិតក្នុងពេលធ្វើការឃុំខ្លួន ក្រោយពីមានការទម្លាក់ពីតំណែងរដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យនៅក្នុងរដ្ឋប្រហារដោយយោធា ។
លោកស្រី ស៊ូជី ដែលថ្ងៃខួបកំណើតរបស់គាត់កាលពីថ្ងៃចន្ទ ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន៣៣ឆ្នាំ ដែលនេះគឺជាការកាត់ទោសអស់មួយជីវិត ក្រោយពីត្រូវបានកាត់ទោសលើការចោទប្រកាន់ចំនួន១៩ករណី រួមទាំងអំពើពុករលួយ និងការក្លែងបន្លំលើការបោះឆ្នោត ។
យោងតាមប្រភពដែលដឹងពីស្ថានភាពរបស់លោកស្រី ស៊ូជី គឺស្ថិតក្នុងស្ថានភាពមានសុខភាពល្អជាធម្មតាទេ ។ លោកស្រីត្រូវបានឃុំខ្លួននៅក្នុងអគារដ៏តូចមួយ ស្ថិតក្នុងបរិវេណពន្ធនាគារក្នុងរដ្ឋធានី ណៃពិដោរ គិតចាប់តាំងពីខែមិថុនាឆ្នាំមុន ក្រោយពីត្រូវបានគេឃុំខ្លួនឲ្យនៅតែក្នុងផ្ទះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា