យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យភាគីនានាធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីធានាការបន្តនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀតពីកំពង់ផែសមុទ្រខ្មៅ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យរបស់លោក លោក Guterres ក៏បានអំពាវនាវដល់ភាគីនានាឱ្យពន្លឿនប្រតិបត្តិការ ដោយចង្អុលទៅការថយចុះនៃចលនានាវាចូល និងចេញពីកំពង់ផែសមុទ្រអ៊ុយក្រែន និងការធ្លាក់ចុះនៃការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់ទីផ្សារពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការនាំចេញអាហារតាមរយៈសមុទ្រខ្មៅបានធ្លាក់ចុះពីកំពូល ៤,២ លានតោនក្នុងខែតុលា ឆ្នាំ២០២២ មកត្រឹម ១,៣ លានតោនក្នុងខែឧសភា ដែលជាបរិមាណទាបបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិចូលដំណើរការ។
គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានចុះហត្ថលេខា ដាច់ដោយឡែកដោយរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយតួកគី និងអង្គការសហប្រជាជាតិក្នុងខែកក្កដា ឆ្នាំ ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គំនិតផ្តួចផ្តើមដែលចាប់ផ្តើមជាធរមានរយៈពេល ១២០ថ្ងៃ ត្រូវបានបន្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់រយៈពេល ១២០ថ្ងៃទៀតរហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣។ នៅពេលនោះ រុស្ស៊ី បានយល់ព្រមបន្តកិច្ចព្រមព្រៀងរយៈពេល ៦០ថ្ងៃប៉ុណ្ណោះ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ នៅខែឧសភា ថ្ងៃទី១៧ ប្រទេសរុស្ស៊ីបានយល់ព្រមបន្តកិច្ចព្រមព្រៀងនេះរយៈពេល ៦០ ថ្ងៃទៀត។
ជាកិច្ចព្រមព្រៀងស្របគ្នា រុស្ស៊ី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលការនាំចេញអាហារ និងជីរបស់រុស្ស៊ី។សេចក្តីថ្លែងការណ៍របស់ប្រមុខអង្គការសហប្រជាជាតិបានឲ្យដឹងថា អង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រ ដល់ការអនុវត្តទាំងគំនិតផ្តួចផ្តើម និងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីឱ្យការនាំចេញអាហារ និងជីរួមទាំងអាម៉ូញាក់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ទៅកាន់ទីផ្សារជុំវិញពិភពលោកដោយសុវត្ថិភាព និងតាមការព្យាករណ៍៕