បរទេស ៖ ប្រទេសជប៉ុន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញមកធ្វើការបដិសេធថា ប្រធានាធិបតីអាមេរិក មិនមានឥទ្ធិពលមកលើនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងការសម្រេចចិត្តសម្រាប់ចំណាយយោធាជាតិរបស់ប្រទេសឡើយ។
យោងតាមការចេញផ្សាយរបស់កាសែត Kyodo News បានឲ្យដឹងថា សេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន នេះក្នុងគោលបំណងដើម្បីជំទាស់នឹងការអត្ថាធិប្បាយ ជាសាធារណៈកន្លង នៃការមិនយល់ស្របរបស់ប្រទេសសម្ព័ន្ធមិត្ត ជាមួយនឹងស្ថានភាព នៃសន្តិសុខរបស់ខ្លួន។
ការប្រកាសនេះក៏ត្រូវបានធ្វើឡើង នៅក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក រូបនេះបានធ្វើការចូលរួមឃោសនាបោះឆ្នោត នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីដើមសប្តាហ៍កន្លងមក ដោយបានអះអាងថាប្រទេសជប៉ុន បានសម្រេចចិត្តក្នុងការបង្កើនចំណាយយោធា ហើយវាគឺជាកិច្ចខិតខំប្រឹងប្រែង របស់លោកតាមរយៈកិច្ចពិភាក្សាចំនួន៣ដងរួចមកហើយ ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន។
មន្ត្រីជាន់ខ្ពស់របស់ជប៉ុន លោក Hirokazu Matsuno ទោះបីជាយ៉ាងណាក្តី បានចេញមកថ្លែងកាលពីថ្ងៃសុក្រម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាក់ប្រាប់ទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនហើយអំពីការលើកឡើងរបស់លោក Biden ដែលមានលក្ខណៈមិនច្បាស់លាស់ និងខុសទៅនឹងការពិតដែរថារដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តលើកិច្ចការងារនេះដោយខ្លួនឯងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

