ព័ត៌មានអន្តរជាតិ

ជប៉ុន បង្ហាញពីគោលការណ៍អភិវឌ្ឍន បច្ចេកវិទ្យាសម្រាប់វិស័យការពារជាតិរបស់ខ្លួន

រូបភាពពី៖​ KYODO

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ រដ្ឋាភិបាលជប៉ុនបានបង្ហាញគោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិរបស់ខ្លួន ក្នុងគោលបំណងជំរុញឱ្យក្រុមហ៊ុនឯកជន និងវិទ្យាស្ថានស្រាវជ្រាវចូលរួមក្នុងការបង្កើតឧបករណ៍ទំនើបៗ ដូចជាមនុស្សយន្តខ្នាតតូចល្អិត និងសម្ភារៈដែលអាចជួសជុលដោយខ្លួនឯងបានផងដែរ ។

សម្រាប់គោលការណ៍ណែនាំនេះដែរ គឺបានផ្តល់ឧទាហរណ៍ នៃបច្ចេកវិទ្យាដែលត្រូវបានគេរំពឹងថា នឹងដាក់ឱ្យប្រើប្រាស់ជាក់ស្តែង ក្នុងរយៈពេល១ទសវត្សរ៍ ហើយត្រូវបានរចនាឡើង ដោយផ្អែកលើឯកសារសំខាន់ៗ ចំនួន៣ស្តីពីគោលនយោបាយសន្តិសុខ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីខែធ្នូឆ្នាំមុន បូករួមទាំងយុទ្ធសាស្ត្រសន្តិសុខជាតិរយៈពេលវែងទៀតផង ។

ជាឧទាហរណ៍ដែលបានលើកឡើងនៅក្នុងវិស័យបច្ចេកវិទ្យាទាំង១២ដែលបានធ្វើការណែនាំ គឺបានបញ្ជាក់ថា មានសារៈសំខាន់ដើម្បីការពារជាតិរួមមាន មីក្រូវ៉េវ និងឡាស៊ែរ ដែលមានថាមពលខ្លាំងបំផុត ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ក៏ដូចជារបាំងដែលប្រើប្រាស់រលកអេឡិចត្រូម៉ាញេទិកដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការវាយប្រហារនានា ។

ទន្ទឹមនឹងនេះដែរ តាមការគូសបញ្ជាក់អំពីតម្រូវការក្នុងការទទួលយក “វិធីសាស្រ្តថ្មីដែលខុសពីមុន” ដោយសារតែហិរញ្ញវត្ថុ និងធនធានមនុស្សមានកម្រិត រដ្ឋាភិបាលបានធ្វើការណែនាំ ហើយក៏បានបញ្ជាក់ថា ក្រសួងការពារជាតិមានគោលបំណងចែករំលែកវគ្គ នៃការអភិវឌ្ឍន៍ទាក់ទងនឹងវិស័យការពារជាតិ របស់ខ្លួនជាមួយនឹងក្រុមហ៊ុននានាដើម្បីបង្កើន “ការប្រមើលមើល”នាពេលខាងមុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top