ព័ត៌មានអន្តរជាតិ

Update: ប៉ូលីសបារាំង បញ្ជូនអាវុធធុនធ្ងន់ និងរថពាសដែក ការពារកុប្បកម្ម ខណៈកំណត់ត្រាចំនួនការចាប់ខ្លួនកើនឡើង

បរទេស៖ សារព័ត៌មានជាច្រើនបានរាយការណ៍​ ដោយដកស្រង់ប្រភពនៅក្នុងក្រសួងមហាផ្ទៃថា មនុស្សជាង ៤០០ នាក់ត្រូវបានឃុំខ្លួនក្នុងប្រទេសបារាំងនៅយប់ទីបី នៃកុប្បកម្មដែលបង្កឡើង ក្រោយការបាញ់ប្រហាររបស់ប៉ូលីសសម្លាប់យុវជនម្នាក់អាយុ១៧ឆ្នាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការចាប់ខ្លួនសរុបចំនួន ៤២១ ត្រូវបានធ្វើឡើង ក្នុងនោះមាន ២៤២ នាក់នៅក្នុងតំបន់ប៉ារីស នេះបើយោងតាមរបាយការណ៍ពីព្រឹកព្រលឹមថ្ងៃសុក្រ។
កាសែត Le Figaro បាននិយាយថា អ្នកជាប់ឃុំភាគច្រើនមានអាយុចន្លោះពី ១៤ឆ្នាំ ទៅ១៨ ឆ្នាំ។

ប្រភពមួយត្រូវបានដកស្រង់សម្តីដោយកាសែត Le Figaroថា ចំនួនកំណត់ត្រានៃការចាប់ខ្លួននេះ គឺបានឆ្លុះបញ្ចាំងពីបទបញ្ជាដ៏ម៉ឺងម៉ាត់ ដែលចេញដោយរដ្ឋមន្ត្រីចំពោះអភិបាលខេត្ត និងភ្នាក់ងារអនុវត្តច្បាប់” ។

របាយការណ៍នេះបានកើតឡើងបន្ទាប់ពីមន្ត្រីប៉ូលិសបន្ថែមចំនួន ៥ ០០០ នាក់ ក៏ដូចជាអង្គភាពយុទ្ធសាស្ត្រប្រដាប់អាវុធ និងរថពាសដែកជាច្រើនត្រូវបានដាក់ពង្រាយដើម្បីបង្ក្រាបការតវ៉ាដ៏ហឹង្សា និងកុបកម្ម ដែលបានផ្ទុះឡើងកាលពីល្ងាចថ្ងៃអង្គារនៅទីក្រុង Nanterre ជាយក្រុងភាគខាងលិចនៃទីក្រុងប៉ារីស ហើយចាប់តាំងពីពេលនោះមកបានរីករាលដាលដល់ទីក្រុងដទៃទៀត។

ទូរទស្សន៍ BFM បានផ្សាយដោយស្រង់សម្តីមន្រ្តីប៉ូលីសខេត្តប៉ារីសថា មនុស្សប្រហែល ៦ ២០០ នាក់ រួមទាំង “អ្នកបង្កបញ្ហា” ១០០០នាក់ បានចូលរួមក្នុងការតវ៉ានៅទីក្រុង Nanterre ។

ដំបូងឡើយ ប្រជាជនបានធ្វើដំណើរតាមដងផ្លូវដើម្បីបញ្ចេញកំហឹង បន្ទាប់ពីយុវជនអាយុ ១៧ ឆ្នាំម្នាក់ត្រូវបានគេស្គាល់ថាជា Nahel M. ត្រូវបានសម្លាប់ដោយមន្ត្រីក្នុងអំឡុងពេលបញ្ឈប់ចរាចរណ៍។ បាតុកម្មដោយសន្តិវិធីបានរីករាលដាលទៅជាអំពើហិង្សាយ៉ាងឆាប់រហ័ស ដោយពួកកុប្បកម្មបានដុតរថយន្ត បាញ់កាំជ្រួច និងគប់ស្រាក្រឡុក Molotov ទៅលើប៉ូលិស។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសចំពោះការបាញ់សម្លាប់យុវជននេះ ខណៈដែលមន្ត្រីដែលបានបាញ់ប្រហារនោះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top