បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រមុខកងទ័ពជើងទឹករុស្ស៊ី លោក Nikolay Evmenov ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទថា ប្រទេសចិន និងរុស្ស៊ី គួរតែធ្វើសមយុទ្ធរួមគ្នាបន្ថែមទៀត ហើយបន្តធ្វើការរួមគ្នានៅក្នុងតំបន់ផ្សេងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ យោធារបស់ប្រទេសទាំងពីរឱ្យដល់កម្រិតថ្មីមួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិចិនថា លោក Li បានប្រាប់លោក Evmenov ថា ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរបាននឹងកំពុង “អភិវឌ្ឍន៍ជាលំដាប់” ប៉ុន្តែមានកន្លែងសម្រាប់ការកែលម្អបន្ថែមទៀត ។
លោកបានបញ្ជាក់បន្ថែមដោយបង្ហាញក្តីសង្ឃឹមថា វានឹងពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត និងរៀបចំជាប្រចាំ។
សមយុទ្ធរួម ការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យវិជ្ជាជីវៈ»។
តាមរយៈការងាររួមគ្នា “ទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរនឹងបន្តកាន់តែស៊ីជម្រៅ និងរឹងមាំ រីកចម្រើនឥតឈប់ឈរ និងឈានទៅកម្រិតថ្មីមួយ” ។
លោក Li ដែលជារដ្ឋមន្រ្តីការពារជាតិចិន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យចិន និង រុស្ស៊ី “រួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក”។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន ប្រមុខកងទ័ពជើងទឹករុស្ស៊ី ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូយកចិត្តទុកដាក់អំពី “សារៈសំខាន់ដ៏អស្ចារ្យ” ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងប៉េកាំង។ លោកបានបន្តថា រុស្ស៊ី ចង់រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីចិន ហើយបន្តពង្រីកការផ្លាស់ប្តូរនៅគ្រប់កម្រិត៕ ប្រែសម្រួលៈ ណៃ តុលា