ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តអាមេរិក ប្រឆាំងផែនការផ្គត់ផ្គង់ គ្រាប់បែកចង្កោមឲ្យអ៊ុយក្រែន

បរទេស៖ទាំងកាណាដានិងអង់គ្លេស បានចេញមកប្រកាសបដិសេធ មិនធ្វើការគាំទ្រផែនការក្នុងការផ្កត់ផ្គង់គ្រាប់បែកចង្កោម ទៅឲ្យអ៊ុយក្រែន ពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននោះឡើយ។

យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសអំពីផែនការ ក្នុងការផ្កត់ផ្គង់អាវុធដ៏គ្រោះថ្នាក់នេះ ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែបានទទួលរងនូវការមិនពេញចិត្ត ចំពោះផែនការនេះឡើយទាំងដែលបានដឹងហើយថា វាគឺជាអាវុធដែលត្រូវបានហាមប្រាម ដោយអង្គការសហប្រជាជាតិ។

រដ្ឋាភិបាលកាណាដាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន CTV ថា៖ពួកយើងមិនគាំទ្រឡើយចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។រដ្ឋាភីបាលទីក្រុងអូតាវ់ាកន្លងមកបានប្តេជ្ញាចិត្តហើយថា នឹងបញ្ចប់ទៅនៃការប្រើប្រាស់អាវុធប្រភេទនេះ ពីព្រោះវាបានបង្កការប៉ះពាល់ខ្លាំង ដល់ជនស៊ីវិលជាពិសេសកុមារ។

ដោយឡែក នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទីក្រុងឡុងដ៍ក៏មិនគាំទ្រ ការប្រើប្រាស់គ្រាប់បែកចង្កោមដែរ។ លោកបានពន្យល់ថា ចក្រភពអង់គ្លេសគឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិតឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់របស់ពួកគេ ប៉ុន្តែទីក្រុងឡុងដ៍នឹងបន្តគាំទ្រអ៊ុយក្រែន តាមរយៈមធ្យោបាយផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top