ព័ត៌មានអន្តរជាតិ

ភ្នំភ្លើងមួយនៅក្នុងប្រទេស អ៊ីស្លង់ ផ្ទុះឡើង ក្រោយពីមានករណីរញ្ជួយដីកើតឡើង

AFP

ហ៊ែលស៊ីនគី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា ទូរទស្សន៍ RUV របស់ប្រទេស អៀឡង់ បានរាយការណ៍កាលពីថ្ងៃចន្ទថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅក្នុងប្រទេស អ៊ីស្លង់ ក្រោយពីមានគ្រោះរញ្ជួយដីបានកើតឡើងជាច្រើនថ្ងៃមកនេះ ។


ការិយាល័យឧតុនិយមនៃប្រទេស អ៊ីស្លង់ បានឱ្យដឹងថា ការផ្ទុះនៅលើឧបទ្វីប Reykjanes នៅជិតរដ្ឋធានី Reykjavik បានចាប់ផ្តើមនៅវេលាម៉ោងប្រហែល១៦និង៤០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ។


លោក Magnus Tumi Gudmundsson សាស្ត្រាចារ្យភូគព្ភសាស្ត្រ បានប្រាប់ដល់ទូរទស្សន៍ RUV ថា ការផ្ទុះនេះគឺតូចណាស់គិតមកដល់ពេលនេះ ប៉ុន្តែវាលឿនពេកក្នុងការនិយាយ ថាតើ ភ្នំភ្លើងនឹងវិវឌ្ឍន៍យ៉ាងដូចម្តេចទៀតនោះ ។

គេបានដឹងថា លំហូរកម្អែលរបស់ភ្នំភ្លើងកាលពីល្ងាចថ្ងៃចន្ទមានប្រវែង២០០ ម៉ែត្រ ។

ការិយាល័យឧតុនិយមរបស់ប្រទេស អ៊ីស្លង់ បានប្រៀបធៀបករណីភ្នំភ្លើងនេះទៅនឹងការចាប់ផ្តើមនៃសកម្មភាពភ្នំភ្លើងនៅក្នុងតំបន់នេះ នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយភាពកក្រើកនៃគ្រោះរញ្ជួយដីនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើម កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅនេះ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top