គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ អនុស្សរណៈជាមួយប្រទេសចំនួន ១១ ដើម្បីបង្កើតក្រុមចម្រុះ សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ក្នុងការប្រើប្រាស់យន្តហោះចម្បាំងធុន F-16 ។
លោក Reznikov បានសរសេរថា “វាជាផ្លូវការដែលថា សម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺនយន្ដហោះចម្បាំងធុន F-16 នៃកងទ័ពអាកាសអ៊ុយក្រែន ត្រូវបានបង្កើតឡើង”។ លោក បានលើកឡើងថា ក្រៅពីអ្នកបើកយន្តហោះ អ្នកបច្ចេកទេស និងបុគ្គលិកគាំទ្រនឹងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល។
លោកបានបន្ថែមថា ការបង្កើតក្រុមចម្រុះនេះបើកទ្វារឱ្យរួមបញ្ចូលយន្តហោះចម្បាំងប្រភេទផ្សេងទៀតនៅក្នុងកម្មវិធី។ លោក បានថ្លែងអំណរគុណដល់ប្រទេសដាណឺម៉ាក និងហូឡង់ សម្រាប់ការដឹកនាំរបស់ពួកគេក្នុងការបង្កើតក្រុមចម្រុះ។
ដោយឡែក ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅចក្រភពអង់គ្លេស លោក Vadym Prystayko បានបញ្ជាក់ទៀតថា អ្នកបើកយន្តហោះអ៊ុយក្រែន ២០នាក់ នឹងចាប់ផ្តើមហ្វឹកហាត់លើយន្តហោះចម្បាំងលោកខាងលិច ក្នុងប្រទេសអង់គ្លេស នៅចុងខែនេះ ឬនៅដើមខែសីហា នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍។
លោក Prystayko បានកត់សម្គាល់ថា ចក្រភពអង់គ្លេស មិនដំណើរការយន្តហោះចម្បាំងធុន F-16 នោះទេ ប៉ុន្តែមានយន្តហោះផលិតនៅអឺរ៉ុប ផ្សេងទៀត៕ ប្រែសម្រួល ឈូក បូរ៉ា