ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ប្រកាសថា នឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់គាំទ្រនឹងការវាយលុករបស់ខ្លួនដែលកំពុងបន្ត។

កាលពីខែឧសភា ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេដែលបញ្ជូនអាវុធប្រភេទនេះទៅកាន់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចប្រជុំកំពូល ណាតូ នៅទីក្រុង Vilnius ប្រទេសលីទុយអានី កាលពីថ្ងៃអង្គារ លោក ម៉ាក្រុង បាននិយាយថា លោកបានសម្រេចចិត្ត «បង្កើនការចែកចាយសព្វាវុធ និងបរិក្ខារដល់អ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យពួកគេវាយលុកយ៉ាងជ្រៅចូលទៅក្នុងទឹកដីសត្រូវ»។

លោកបានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉ារីសនឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយរបស់ខ្លួនក្នុងការជួយអ៊ុយក្រែន ក្នុង “ការការពារទឹកដី” ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងប៉ារីស កំពុងរៀបចំផែនការជំរុញ ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដោយផ្តោតជាពិសេសលើកាំភ្លើងធំ និងប្រព័ន្ធការពារអាកាស។
អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសបារាំងបានប្តេជ្ញាចិត្ត “បំពេញការប្តេជ្ញាចិត្តនេះ”។

កាលពីខែឧសភា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេស នឹងផ្តល់ឱ្យអ៊ុយក្រែន នូវមីស៊ីល Cruise Storm Shadow ដែលជាមីស៊ីលបាញ់បានរយៈចម្ងាយជាង ២៥០គីឡូម៉ែត្រ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top