បរទេស ៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសព្រមានថា ករណីដែលអាមេរិក នឹងពិតជាបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន មែននោះមានន័យថា អាមេរិក កំពុងទាញពិភពលោក ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣ជាមិនខាន។
យោងតាមការចេញផ្សាយរបស់ RT លោក Trump បានពោលបែបនេះថា ៖ ប្រធានាធិបតី Joe Biden គួរតែព្យាយាមបញ្ចប់សង្គ្រាមនិងបញ្ឈប់ការបំផ្លិចបំផ្លាញ ដោយសាររដ្ឋាភិបាលដែលមិនគ្រប់លក្ខណៈរបស់គាត់ទៀតតៅ។
អតីតប្រធានាធិបតីទី៤៥អាមេរិករូបនេះគឺសំដៅការលើកឡើង របស់គាត់ទៅលើបញ្ហា នៃការសម្រេចចិត្តផ្គត់ផ្គង់គ្រាប់បែកចង្កោម ដែលត្រូវបានប្រកាសដោយលោក Joe Biden កាលពីសប្តាហ៍មុនហើយដោយពន្យល់ថា វានឹងធ្វើឲ្យបាត់បង់ជីវិតមនុស្សនៅពេលនេះ និងនៅក្នុងរយៈពេលជាច្រើនទសវត្សក្រោយមកទៀតជាមិនខាន។
គួរឲ្យដឹងដែរថាឆ្លើយតបទៅនឹងការផ្តល់ឲ្យអ៊ុយក្រែន នូវគ្រាប់បែកចង្កោមនេះរដ្ឋមន្ត្រីការពារជាតិរុស្សី ធ្លាប់បានបញ្ជាក់ហើយថា រុស្សី ក៏មានគ្រាប់បែកចង្កោមដូចគ្នាដែរប៉ុន្តែម៉ូដេលរបស់រុស្សី គឺទំនើបជាងបាញ់បានឆ្ងាយជាងបានធំជាងនិង ចម្រុះជាងគ្រាប់បែកចង្កោមរបស់អាមេរិក ប៉ុន្តែរុស្សី នឹងបន្តប្រើប្រាស់កាំភ្លើងធំរហូតដល់ដំណាក់កាលអស់ជម្រើស៕ ប្រែសម្រួល៖ស៊ុនលី