ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង អះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលឆ្លងទ្វីប

រូបភាពពី៖​ AFP

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យ នូវមីស៊ីលអន្តរទ្វីប ដែលជាប្រភេទឥន្ធនៈរឹងកាលពីថ្ងៃមុន ដែលបានបង្កើតឡើងដើម្បី “កំណត់ត្រាថ្មី” ទាក់ទងនឹងរយៈកម្ពស់ និងពេលវេលាហោះហើរ ដោយមេដឹកនាំគីម ជុងអ៊ុន បានប្តេជ្ញាថា នឹងវាយលុកដោយយោធាកាន់តែខ្លាំង ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។

ទីភ្នាក់ងារព័ត៌មានខាងលើបានផ្សព្វផ្សាយ លោក គីម បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីល Hwasong-18 ដែលធ្វើដំណើរក្នុងរយៈកម្ពស់ជាអតិបរមា ដល់ទៅ៦.៦៤៨.៤ គីឡូម៉ែត្រ និងហោះបានចម្ងាយ១.០០១.២គីឡូម៉ែត្រ ប្រហែលរយៈពេល៧៥នាទី មុនពេលចុះចតយ៉ាងត្រឹមត្រូវនៅតំបន់គោលដៅក្នុងដែនសមុទ្រជប៉ុន ។

គេបានដឹងថា ការបាញ់បង្ហោះមីស៊ីល Hwasong-18 ដែលជំរុញដោយប្រព័ន្ធរ៉ុក្កែតដែលមាន៣ដំណាក់កាល គឺជាប្រភេទទី២ បន្ទាប់ពីការធ្វើតេស្តដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមេសា ។ មីស៊ីលនេះដែរ ត្រូវបានគេចាត់ទុកថា អាចបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top