គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន៣,៨៧ពាន់លានដុល្លារអាមេរិក ពីដៃគូរបស់ខ្លួនសម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ។
លោក Serhiy Marchenko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តីទី បានលើកឡើងដូច្នេះ ។
លោក Marchenko បានលើកឡើងថា ទឹកប្រាក់សរុបរួមមាន២,៦ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយទឹកប្រាក់ចំនួន៨៣៧លានដុល្លារសម្រាប់វិស័យថាមពល និងទឹកប្រាក់ចំនួន១៦៩លានដុល្លារសម្រាប់គម្រោងដោះមីនមនុស្សធម៌ ។
លោកបានថ្លែងថា ការស្តារឡើងវិញយ៉ាងឆាប់រហ័សគឺជាអាទិភាព សំខាន់សម្រាប់រដ្ឋាភិបាល ព្រោះថា វារួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតជីវភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនរបស់ខ្លួនផងដែរ ។
រដ្ឋាភិបាលអ៊ុយក្រែន បានប៉ាន់ប្រមាណថា ការងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះគឺទាមទារឲ្យមានប្រាក់១៤,១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា