ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបញ្ជូនយន្ដហោះចម្បាំង និងនាវាពិឃាត ចូលមជ្ឈិមបូព៌ាដើម្បីប្រឆាំងអ៊ីរ៉ង់

រូបភាពពី៖​ AFP

បរទេស៖ យោធាអាមេរិកនឹងបញ្ជូនយន្តហោះចម្បាំង និងទ្រព្យសម្បត្តិកងទ័ពជើងទឹកបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអ៊ីរ៉ង់។ នេះបើតាមមន្ទីរបញ្ចកោណបាននិយាយដោយលើកឡើងពីឧប្បត្តិហេតុ “គួរឱ្យព្រួយបារម្ភ” ចំនួនពីរនៅច្រកសមុទ្រ Hormuz កាលពីដើមខែនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លេខាធិការរងផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានប្រកាសពីការដាក់ពង្រាយនេះ កំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ដោយអះអាងថា សកម្មភាព “អស្ថិរភាព” ដោយសាធារណរដ្ឋអ៊ីស្លាម (អ៊ីរ៉ង់) “គំរាមកំហែងដល់លំហូរពាណិជ្ជកម្មសេរី” នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា “ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍គួរឱ្យព្រួយបារម្ភថ្មីៗមួយចំនួននៅច្រកសមុទ្រ Hormuz , រដ្ឋមន្ត្រីការពារជាតិបានបញ្ជាឱ្យដាក់ពង្រាយនាវាពិឃាត USS Thomas Hudner, យន្តហោះចម្បាំង F-35 និងយន្តហោះចម្បាំង F-16 ដើម្បីការពារផលប្រយោជន៍សហរដ្ឋអាមេរិក និងការពារសេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងតំបន់” ។

យ៉ាងណាក៏ដោយ លោកស្រី Singh មិនអាចនិយាយបានថា តើនៅពេលណាដែលយន្តហោះចម្បាំង និងនាវាពិឃាតផ្ទុកមីស៊ីលនាំផ្លូវ នឹងត្រូវបញ្ជូនទៅកាន់តំបន់ ឬរយៈពេលនៃការដាក់ពង្រាយថ្មីនេះនឹងមានរយៈពេលប៉ុន្មាន ប៉ុន្តែលោកស្រីបានកត់សម្គាល់ថា គ្រឿងយោធាអាមេរិកនឹងជួយល្បាត “ផ្លូវទឹកសំខាន់ៗ” ។

កាលពីថ្ងៃសៅរ៍ មន្ត្រីមន្ទីរបញ្ចកោណដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Associated Press ថា ការដាក់ពង្រាយនាពេលខាងមុខ នឹងជួយបង្កើនប្រតិបត្តិការដល់យន្តហោះវាយប្រហារ A-10 ដែលបានបញ្ជូនរួចហើយសម្រាប់ល្បាតកាលពីដើមខែនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top