ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសថា នៅសប្តាហ៍ក្រោយ ខ្លួននឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដាច់ដោយឡែកមួយ ជាមួយេមេដឹកនាំអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន

រូបភាពពី៖​ XINHUA

អង់ការ៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីតួកគី បានប្រកាសថា ប្រទេសតួកគី នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ដាច់ដោយឡែកពីគ្នានៅសប្តាហ៍ក្រោយនេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីតួកគីបានឲ្យដឹងថា លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសតួកគី នៅថ្ងៃទី២៥ ខែកក្កដា និងជួបជាមួយលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា មេដឹកនាំរបស់ប្រទេសទាំង២នឹងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសតួកគី និងប៉ាឡេស្ទីន និងការវិវត្តចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន និងបញ្ហានៅក្នុងតំបន់ និងអន្តរជាតិផ្សេងទៀតផងដែរ ។

លោក Erdogan ប្រធានាធិបតីតួកគីបានថ្លែងថា ក៏នឹងធ្វើជាម្ចាស់ផ្ទះទទួលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃទី២៨ ខែកក្កដា ដែរ ។

ភាគីទាំង២នឹងពិភាក្សាអំពីទំនាក់ទំនងរបស់ពួកគេ ក៏ដូចជាជំហានដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ ។

គេបានដឹងថា កន្លងមក ការទំនាក់ទំនងរវាងអ៊ីស្រាអ៊ែល និងតួកគី កាន់តែមានភាពតានតឹងនឹងគ្នានៅក្នុងឆ្នាំ២០១០ នៅគ្រាដែលកងនាវាចរដឹកនាំដោយតួកគីបានព្យាយាមបំបែកការបិទច្រកផ្លូវរបស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអ៊ែល ដែលបណ្តាលឱ្យជនជាតិតួកគី ចំនួន១០នាក់នៅលើទីនោះត្រូវបានសម្លាប់ ។

នៅក្នុងឆ្នាំ២០១៨ ប្រទេសទាំង២ បានបណ្តេញអ្នកការទូតកំពូលរបស់គ្នាទៅវិញទៅមក ស្របពេលមានជម្លោះជុំវិញការសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៦០នាក់នៅក្នុងអំឡុងពេល នៃការតវ៉ារបស់ពួកគេប្រឆាំងនឹងការបើកស្ថានទូតអាមេរិក នៅទីក្រុងយេរ៉ូសាឡឹម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top