ព័ត៌មានអន្តរជាតិ

ជប៉ុន បារាំង ចាប់ផ្តើមសមយុទ្ធយន្តហោះចម្បាំង រួមគ្នាលើកដំបូង

ប្រភព៖ Kyodo

តូក្យូ៖ ប្រទេសជប៉ុន និងបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មានដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនភាព ជាដៃគូសន្តិសុខ របស់ពួកគេចំពេលមាន ការអះអាងផ្នែកយោធា ដែលកំពុងកើនឡើង របស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រភពពី ASDF បានឲ្យដឹងថា យន្តហោះចម្បាំង F-15 ចំនួន ៣គ្រឿង និង F-2 ចំនួន ២គ្រឿងមកពីកងកម្លាំងស្វ័យ ការពារដែនអាកាសជប៉ុន និងយន្តហោះចម្បាំង Rafale ចំនួន ២គ្រឿងមកពីកងកម្លាំងអាកាស និងលំហអាកាសបារាំង នឹងធ្វើការហ្វឹកហាត់ រហូតដល់ថ្ងៃសៅរ៍ នៅក្នុងដែនអាកាសភាគនិរតី របស់ប្រទេសជប៉ុន នៅជិតមូលដ្ឋានអាកាស Nyutabaru ក្នុងខេត្តមីយ៉ាសាគិ ។

យោងតាម ASDF យន្តហោះចម្បាំងដែលអមដោយយន្តហោះចាក់សាំង និងយន្តហោះដឹកជញ្ជូនមកពីប្រទេសនីមួយៗ ក៏មានគម្រោងហោះហើរពីលើតំបន់កានតុ ដែលស្ថិតនៅកណ្តាលទីក្រុងតូក្យូ ផងដែរ។

យន្តហោះចម្បាំង Rafale បានមកដល់មូលដ្ឋាន Nyutabaru កាលពីថ្ងៃពុធ ដែលត្រូវបានស្វាគមន៍ដោយប្រធានបុគ្គលិក ASDF លោក Hiroaki Uchikura និងមន្ត្រីជាន់ខ្ពស់ មកពីយោធាបារាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជ៉ុន។

សមយុទ្ធនេះធ្វើឡើង នៅពេលដែលប្រទេសបារាំង និងសមាជិកណាតូ ផ្សេងទៀតបាននិងកំពុងពង្រីក កិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងតូក្យូ ដោយសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក កាន់តែមានការប្រុងប្រយ័ត្ន ចំពោះការកសាងយោធារបស់ទីក្រុងប៉េកាំង និងអាកប្បកិរិយាបង្កហេតុនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ក្នុងចំណោមតំបន់ផ្សេងទៀត។

តាំង​ពី​ឆ្នាំ​មុន ASDF បាន​ធ្វើ​សមយុទ្ធ​យន្តហោះ​ចម្បាំង​ រួម​គ្នា​ក្នុង​ប្រទេស​ជប៉ុន ជាមួយ​នឹង​អាល្លឺម៉ង់ និង​ឥណ្ឌា។ ខ្លួនក៏នឹងរៀបចំការហ្វឹកហាត់ស្រដៀងគ្នាជាមួយអ៊ីតាលី នៅសប្តាហ៍ក្រោយ និងអូស្ត្រាលីនៅចុងខែសីហា៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top