ព័ត៌មានអន្តរជាតិ

តារាវិទូ ប្រទះឃើញផ្កាយ ដុះកន្ទុយចម្លែក មានរាងស្រដៀង ដូចយានអវកាស Millennium Falcon

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ទស្សនីយភាពឋានសួគ៌កំពុង រង់ចាំអ្នកមើលផ្ទៃមេឃ ខណៈក្រុមតារាវិទូ បានធ្វើការរកឃើញ ដ៏អស្ចារ្យនៃផ្កាយដុះកន្ទុយ ក្នុងមួយជីវិតមានតែម្តង ដោយមានលក្ខណៈស្រដៀង នឹងយានអវកាស Millennium Falcon ដ៏ល្បីល្បាញក្នុងរឿង “Star Wars” ។

ផ្កាយដុះកន្ទុយចម្លែកនេះ ត្រូវបានគេដាក់ឈ្មោះថា Comet 12P/Pons-Brooks ភាពអស្ចារ្យ នៃលោហធាតុនេះ ស្រាប់តែមានពន្លឺកាន់តែខ្លាំងឡើង រហូតដល់ ១០០ ដងនាថ្ងៃទី ២០ ខែកក្កដា ដោយបញ្ចេញកម្ទេចកម្ទី និងទឹកកកចូលទៅក្នុងលំហ ដែលបង្កើតបានជារូបរាង ដ៏ប្លែកមួយស្រដៀងទៅនឹងយន្ត Millennium Falcon ។

អ្វីដែលធ្វើឲ្យព្រឹត្តិការណ៍ សេឡេស្ទាលនេះ កាន់តែរំភើបនោះគឺថា នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤ ផ្កាយដុះកន្ទុយនឹងខិតជិតព្រះអាទិត្យបំផុត ដោយចូលមកក្នុង ចម្ងាយប្រហែល ១៤៤ លានម៉ាយពីផែនដី ។ ចៃដន្យ វា នឹងកើតឡើងប៉ុន្មាន សប្តាហ៍បន្ទាប់ពីសូរ្យគ្រាស សរុបនៅអាមេរិកខាងជើង នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ ធ្វើឲ្យវាក្លាយជាបាតុភូតដ៏កម្រ និងប្លែកពីគេ ។

អ្នកមើលមេឃស្ម័គ្រចិត្ត អាចមានឱកាសបានឃើញបាតុភូតនេះ ដោយមិនចាំបាច់ប្រើតេឡេស្កុប ខណៈ អ្នកជំនាញណែនាំឲ្យប្រើតេឡេស្កុប សម្រាប់ទិដ្ឋភាពកាន់តែប្រសើរ ពន្លឺដែលរំពឹងទុករបស់ផ្កាយ ដុះកន្ទុយគួរតែធ្វើឲ្យវាអាចមើល ឃើញដោយភ្នែកទទេ ។

លោក Richard Miles មកពីសមាគមតារាសាស្ត្រអង់គ្លេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ការរកឃើញផ្កាយដុះកន្ទុយ Comet 12P/Pons-Brooks ស្របនឹងជំនឿថា ផ្កាយដុះកន្ទុយមានប្រភពចេញពីពពក Oort ដ៏បរិសុទ្ធ ដែលស្ថិតនៅហួសពីគន្លង នៃភពណិបទូន និងអ៊ុយរ៉ានុស។ តំបន់ឆ្ងាយនេះផ្តល់នូវការយល់ដឹងសំខាន់ៗ អំពីលក្ខខណ្ឌដំបូងនៃប្រព័ន្ធព្រះអាទិត្យរបស់យើង និងដំណើរការ ដែលបង្កើតវាក្នុង រយៈពេលរាប់ពាន់លានឆ្នាំ ៕
ដោយ៖លី ភីលីព

Most Popular

To Top