ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​ដក​និមិត្តសញ្ញា​សម័យ​សូវៀត ​ចេញ​ពី​វិមាន​ MotherLand ​ក្នុងទី​ក្រុង​គៀវ

រូបភាពពី៖​ AFP

គៀវ៖ ទូរទស្សន៍​ជាតិ​អ៊ុយក្រែន Suspilne បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា អាជ្ញាធរ​អ៊ុយក្រែន ​បាន​ដក​និមិត្ត​សញ្ញា “ញញួរ និងកណ្ដៀវ” សម័យ​សូវៀត​ចេញ​ពី​វិមាន Motherland ក្នុង​ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មានអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និមិត្តសញ្ញាសូវៀត នៅលើវិមាននេះនឹងត្រូវបានជំនួសដោយអាវធំផ្លូវការរបស់អ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហា នៅពេលដែលប្រទេសនេះប្រារព្ធពិធីបុណ្យឯករាជ្យជាតិ។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងបាននិយាយថា អ្នកជំនាញបានអនុវត្តការងារត្រៀមមួយចំនួន និងសាងសង់រូបចម្លាក់ដែកនៃត្រីកោណនេះ។ក្រសួងក៏បានឲ្យដឹងផងដែរថា ខ្លួននឹងពិចារណាលើសំណើ ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រក្នុងស្រុក ដើម្បីប្តូរឈ្មោះវិមាន Motherland ទៅជាវិមាន Mother Ukraine។

គួរបញ្ជាក់ថា វិមាននេះត្រូវបានសម្ពោធនៅឆ្នាំ១៩៨១ វិមាន Motherland កម្ពស់ ១០២ ម៉ែត្រ ត្រូវបានគេចាត់ទុកថា ជានិមិត្តសញ្ញាស្ថាបត្យកម្មមួយនៃទីក្រុងគៀវ ក៏ដូចជាអ៊ុយក្រែនផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top