តូក្យូ ៖ កោះអូគីណាវ៉ា របស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បានទប់ទល់នឹង ព្យុះទីហ្វុងដ៏ខ្លាំងក្លា និងធំមួយ ដែលរំពឹងថា នឹងទៅដល់ខេត្តកោះភាគខាងត្បូង របស់ប្រទេសជប៉ុន នៅថ្ងៃបន្ទាប់ ដោយបង្ខំឱ្យលុបចោលជើងហោះហើរ ទាំងអស់ពីរដ្ឋធានី ខណៈដែលទីភ្នាក់ងារអាកាស ធាតុបានព្រមាន អំពីខ្យល់បក់ខ្លាំង និងជំនោរព្យុះទីហ្វុង ។
ការិយាល័យទីក្រុងនៅក្នុង រដ្ឋធានីណាហា នៃខេត្តអូគីណាវ៉ា ក៏បានជំរុញឱ្យមនុស្សប្រហែល ៣១៥,៧០០នាក់ជម្លៀសចេញ ដោយសារតែព្យុះទីហ្វុងខិត ជិតមកដល់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ព្យុះទីហ្វុង ខាន់ណុន បានផ្អាកជើងហោះហើរ ដែលគ្រោងនឹងចេញដំណើរ និងមកដល់អាកាសយានដ្ឋានណាហា របស់អូគីណាវ៉ា នៅថ្ងៃអង្គារ នេះបើយោងតាមប្រតិបត្តិករអាកាសយានដ្ឋាន ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានសម្រេចចិត្តលុបចោលជើង ហោះហើររបស់ពួកគេ សម្រាប់ថ្ងៃពុធនេះផងដែរ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា នៅពេលដែលព្យុះទីហ្វុង ត្រូវបានគេរំពឹងថា នឹងថយចុះនៅក្នុងសមុទ្រចិនខាងកើត អាកាសធាតុទំនងជានឹង នៅតែមានព្យុះលើសពីថ្ងៃពុធនេះ នៅកោះអូគីណាវ៉ា និងអាម៉ាមិ អូស៊ីម៉ា នៅភាគនិរតីនៃខេត្តកាកូស៊ីម៉ា។
គិតត្រឹមម៉ោង ៥ល្ងាច ព្យុះទីហ្វុង កំពុងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងតំបន់ភាគនិរតីនៃទីក្រុងណាហា ក្នុងល្បឿនប្រហែល ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងសម្ពាធបរិយាកាស ៩៣០ ហឺតប៉ាស្កាល់ នៅចំកណ្តាលរបស់វា ដោយមានកម្លាំងខ្យល់បក់រហូតដល់ ២៥២ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ប្រែសម្រួល ឈូក បូរ៉ា