ព័ត៌មានអន្តរជាតិ

សភា​ថៃ ពន្យារ​ពេល​បោះឆ្នោត​ ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី ដោយ​រង់ចាំ​ការ​សម្រេច​របស់​តុលាកា

បាងកក៖ សភាប្រទេសថៃ បានឲ្យដឹងថា ការបោះឆ្នោតនាពេលខាងមុខ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវបានពន្យារពេលដោយសារតែការសម្រេចរបស់តុលាការ ដែលមិនទាន់សម្រេចទាក់ទងនឹងការបដិសេធការតែងតាំងមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ។

ប្រធានរដ្ឋសភាលោក Wan Muhamad Noor Matha បានឲ្យដឹងថា សភាបានពន្យារពេលការបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ដោយសារតុលាការធម្មនុញ្ញមិនទាន់សម្រេចលើបណ្តឹងជុំវិញការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងសំណើរបស់ការិយាល័យ Ombudsman ក្នុងការពន្យារពេលការជ្រើសរើស។

លោកបានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ ការអង្គុយរួមគ្នា នៃសភាទ្វេភាគីនឹងកោះប្រជុំនៅថ្ងៃសុក្រ ដើម្បីពិចារណាលើញត្តិ ដែលដាក់ដោយសមាជិកគណបក្សឆ្បោះទៅមុខ (MFP) ដើម្បីកែប្រែមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញថៃ ក្នុងគោលបំណងដកសមាជិកព្រឹទ្ធសភាពីការចូលរួមក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។

យោងតាមមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញថៃ បេក្ខភាពនាយករដ្ឋមន្ត្រីតម្រូវឱ្យមានការយល់ព្រមពីសភាទ្វេភាគីជាងពាក់កណ្តាល ដែលផ្តល់អំណាចដល់ព្រឹទ្ធសភាដែលមានសមាជិក ២៥០ រូប ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី រួមគ្នាជាមួយនឹងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០ រូប។

តុលាការធម្មនុញ្ញបានឲ្យដឹងថា ខ្លួនបានកំណត់ពេលការពិចារណាឡើងវិញនូវញត្តិរបស់ Ombudsman សម្រាប់ថ្ងៃទី១៦ ខែសីហា ដោយសារពួកគេទាមទារពេលវេលាបន្ថែមទៀតដើម្បីសិក្សាលើបញ្ហានេះ។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ត្រូវការព័ត៌មានបន្ថែម សម្រាប់ការពិចារណាដោយប្រុងប្រយ័ត្នលើពាក្យបណ្តឹង។

កាលពីខែមុន ការិយាល័យ Ombudsman របស់រដ្ឋបានស្នើសុំឱ្យតុលាការធម្មនុញ្ញពិនិត្យឡើងវិញ នូវការបោះឆ្នោតរួមគ្នារបស់សភា កាលពីថ្ងៃទី១៩ ខែកក្កដា ដែលបានច្រានចោលការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top