ព័ត៌មានអន្តរជាតិ

Wall Street Journal៖ អេហ្ស៊ីប ច្រានចោលសម្ពាធរបស់អាមេរិក ក្នុងការបំពាក់អាវុធឱ្យអ៊ុយក្រែន

រូបភាពពី៖​ AFP

=

បរទេស៖ មន្ត្រីអេហ្ស៊ីប តាមសេចក្តីរាយការណ៍បានសម្រេចចិត្ត មិនចូលរួមក្នុងការបំពាក់អាវុធឱ្យអ៊ុយក្រែន ដោយបានច្រានចោលសំណើម្តងហើយម្តងទៀត របស់សហរដ្ឋអាមេរិក ក្នុងការផលិតគ្រាប់កាំភ្លើងធំ និងអាវុធផ្សេងទៀតដែលត្រូវការសម្រាប់ការវាយលុករបស់ទីក្រុងគៀវ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញអត្តសញ្ញាណថា ទីក្រុងវ៉ាស៊ីនតោនក៏បានស្នើឱ្យប្រទេសអេហ្ស៊ីប ផ្គត់ផ្គង់មីស៊ីលប្រឆាំងរថក្រោះ ប្រព័ន្ធការពារដែនអាកាស និងអាវុធធុនតូចសម្រាប់អ៊ុយក្រែន។

សំណើនេះត្រូវបានធ្វើឡើងក្នុងឱកាសជាច្រើនក្នុងនោះរួមមានជំនួបក្នុងខែមីនារវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi នៅក្នុងទីក្រុងគែរ។
កាសែតនេះបានផ្សាយថា “នៅក្នុងការសន្ទនាជាមួយមន្ត្រីអាមេរិក, អេហ្ស៊ីប មិនបានបដិសេធសំណើនេះទេ ប៉ុន្តែមន្ត្រីអេហ្ស៊ីបបាននិយាយជាឯកជនថា អេហ្ស៊ីបមិនមានគម្រោងបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននោះទេ”។

សារនោះទំនងជាមិនបានទៅដល់ទីក្រុងវ៉ាស៊ីនតោន ដោយ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកម្នាក់បានសម្តែងសុទិដ្ឋិនិយមក្នុងការទទួលបានអេហ្ស៊ីប ដើម្បីជួយអ៊ុយក្រែន ដោយប្រាប់កាសែតថា “ការពិភាក្សារបស់យើងជាមួយដៃគូអេហ្ស៊ីប របស់យើងលើផលប្រយោជន៍ទៅវិញទៅមក របស់យើងក្នុងការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី គឺប្រកបដោយផលិតភាព និងកំពុងបន្ត។

សូមជម្រាបថា កាលពីដើមឆ្នាំនេះ ទីក្រុងគែរ ត្រូវបានគេរាយការណ៍ថា បានដកខ្លួននៅក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ពីផែនការលក់គ្រាប់រ៉ុក្កែតទៅឱ្យប្រទេសរុស្ស៊ី។
លោក Al-Sisi បានព្យាយាមរក្សាទំនាក់ទំនងល្អជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ចំពេលមានវិបត្តិអ៊ុយក្រែន ដោយបានបដិសេធមិនចូលរួមក្នុងយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបំពាក់អាវុធអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top