ព័ត៌មានអន្តរជាតិ

ការដាក់កំហិត របស់អាមេរិក លើការវិនិយោគ AI របស់ចិន ទំនងជាមានប្រតិកម្ម និងមានឥទ្ធិពលតិចតួច លើក្រុងប៉េកាំង

ប្រភព៖ xinhua

ប៉េកាំង៖ អ្នកជំនាញបានប្រាប់កាសែត Sputnik ថា សហរដ្ឋអាមេរិក កំពុង​បំផ្លាញខ្លួនឯង ដោយបំផ្លិចបំផ្លាញកំណើនសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់របស់ខ្លួន ដោយហាមឃាត់ការវិនិយោគ របស់ក្រុមហ៊ុនអាមេរិក ក្នុងសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) របស់ចិន។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលដាក់កំហិតក្រុមហ៊ុនអាមេរិក ពីការវិនិយោគលើសមត្ថភាព និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) របស់ចិន រួមទាំងឧបករណ៍ semiconductors និង quantum computing។

រដ្ឋបាលលោក បៃដិន បានឲ្យដឹងថា វិធានការនេះគឺមានគោលបំណងការពារបច្ចេកវិទ្យាបែបនេះពីការពង្រឹងសមត្ថភាពយោធា ការស៊ើបការណ៍សម្ងាត់ និងការឃ្លាំមើលរបស់ចិន ។ នៅ​ក្នុង​បញ្ជា​ប្រតិបត្តិ លោក បៃដិន បានឲ្យដឹង​ថា រដ្ឋបាល​របស់​លោក ​មាន​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​វិនិយោគ​របស់​អាមេរិក​មួយ​ចំនួន ​អាច​នឹង​ពន្លឿន ​ការ​អភិវឌ្ឍ​ផលិតផល​ដែល​ចិន ​អាច​ប្រើ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។

វរសេនីយ៍ឯកកងទ័ពអាមេរិក ចូលនិវត្តន៍ និងជាទីប្រឹក្សាអន្តរជាតិ Earl Rasmussen អតីតអនុប្រធានមជ្ឈមណ្ឌល Eurasia បានពណ៌នាគោលនយោបាយថ្មី នេះថាជា “ការពន្លឿនការធ្វើអត្តឃាតសេដ្ឋកិច្ច”។

លោក Rasmussen បានប្រាប់កាសែត Sputnik ថា “ខណៈដែលការសម្រេចចិត្តមានគោលបំណង កំណត់កំណើនរបស់ចិន វាទំនងជានឹងប៉ះពាល់ ដល់សេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក និងអឺរ៉ុបកាន់តែខ្លាំង។ វាត្រូវបានគេប៉ាន់ប្រមាណថា ក្រុមហ៊ុនអាមេរិកចំនួន ៧០០០០ អាចនឹងរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ” ។

លោក Rasmussen បានបន្ថែមថា ដោយសារការហាមឃាត់បន្ទះឈីបរបស់លោក បៃដិន កាលពីមុន ក្រុមហ៊ុនអាមេរិកត្រូវបានគេរំពឹងថា នឹងខាតបង់រហូតដល់ ៨០ពាន់លានដុល្លារ។

លោកបានបន្ដថា “មានការពិភាក្សាជាច្រើនអំពីការកាត់ ផ្តាច់ពីប្រទេសចិន សម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុប។ វាទំនងជាមានផលប៉ះពាល់អវិជ្ជមាន ច្រើនលើសហរដ្ឋអាមេរិក និងអឺរ៉ុប ជាងប្រទេសចិន” ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top