ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹករុស្ស៊ី បំពាក់មីស៊ីលលឿន ជាងសំឡេង លើនាវាទទួលបាននាវាថ្មី

ប្រភព៖ AFP

ម៉ូស្គូ៖ នាវាមុជទឹកពហុបំណងដើរ ដោយថាមពលនុយក្លេអែរ​ Yasen-class របស់រុស្ស៊ី​ នឹងត្រូវបានបំពាក់ឡើងវិញ ជាមួយនឹងមីស៊ីល Zircon hypersonic ដែលជាប្រភេទមីស៊ីលលឿនជាសំឡេង ដោយលោក Alexei Rakhmanov នាយកប្រតិបត្តិនៃក្រុមហ៊ុន United Shipbuilding Corporation (USC) បានប្រាប់កាសែត Sputnik ថា ការងារនេះកំពុងដំណើរការរួចហើយ។

នាវាមុជទឹកនុយក្លេអ៊ែរនៃថ្នាក់ Yasen បច្ចុប្បន្នត្រូវបានបំពាក់ដោយកាំជ្រួចនាំផ្លូវទំនើបៗ ៤ប្រភេទរួចមកហើយ នេះបើយោងតាមការចុះផ្សាយរ​បស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។

លោក Rakhmanov បានប្រាប់កាសែត Sputnik ថា “តាមការសម្រេចចិត្តរបស់ក្រសួងការពារជាតិរុស្ស៊ី នាវាមុជទឹកនុយក្លេអ៊ែរពហុបំណងនៃគម្រោង Yasen-M នឹងត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Zircon ដែលជាមីស៊ីលលឿនជាសំឡេង។

លោក Rakhmanov បានលើកឡើងថា កងទ័ពជើងទឹករុស្ស៊ី ក៏នឹងទទួលបានយ៉ាងហោចណាស់នាវាចំនួន ៥ បន្ថែមទៀតនៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា “នៅឆ្នាំនេះ យើងបានបញ្ជូននាវាថ្មីចំនួន ៣គ្រឿងរួចហើយ និងបានជួសជុលឡើងវិញ ហើយនៅចុងឆ្នាំនេះ យើងរំពឹងថា នឹងផ្ទេរយ៉ាងហោចណាស់ ៥នាវាបន្ថែមទៀត” ។

កាលពីដើមឆ្នាំនេះ នាយកប្រតិបត្តិ USC បានប្រាប់កាសែត Sputnik ថាសាជីវកម្មសាងសង់កប៉ាល់ គ្រោងនឹងផ្ទេរយ៉ាងហោចណាស់នាវាចំនួន ១១ គ្រឿងទៅឱ្យកងទ័ពជើងទឹករុស្ស៊ីក្នុងឆ្នាំ២០២៣ រួមទាំងនាវាមុជទឹកចំនួន ៥គ្រឿង (នុយក្លេអ៊ែរ ៣គ្រឿង និងប្រេងម៉ាស៊ូត ២គ្រឿង) ក៏ដូចជាកប៉ាល់ ដែលត្រូវបានកំណត់សម្រាប់តំបន់សមុទ្រជិត និងឆ្ងាយ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top