ម៉ូស្គូ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ដោយចង្អុលបង្ហាញពីការកើនឡើង នៃវត្តមានយោធា របស់រដ្ឋលោកខាងលិច នៅក្នុងតំបន់អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ជាមួយនឹងសហរដ្ឋអាមេរិក បន្តធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋាន យោធារបស់ខ្លួន លោក Shoigu បានឲ្យដឹងនៅក្នុងសន្និសីទទីក្រុងម៉ូស្គូលើកទី១១ ស្តីពីសន្តិសុខអន្តរជាតិថា “យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសនានា នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលយើងបានបង្កើត ទំនាក់ទំនងពិសេសជាប្រវត្តិសាស្ត្រ”។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានកត់សម្គាល់ថា ការលេចឡើង នៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល យន្តការជំរុញកិច្ចសហប្រតិបត្តិការ រវាងភ្នាក់ងារការពារជាតិ និងតួនាទីរបស់ទីភ្នាក់ងារទាំងនេះ ក្នុងការវាយតម្លៃការគំរាមកំហែង ផ្នែកសន្តិសុខត្រូវបានពិភាក្សាជាទៀងទាត់ ក្នុងក្របខ័ណ្ឌនៃសន្និសីទសន្តិសុខ ។
លោកបានលើកឡើងថា “លោកខាងលិចដោយភ័យខ្លាច ការបែកបាក់នៃពិភពលោកគ្មានប៉ូល និងការប្រឈមមុខដាក់គ្នា ដោយបើកចំហជាមួយសត្រូវ ដ៏រឹងមាំខាងយោធា កំពុងបង្កជម្លោះក្នុងតំបន់ជុំវិញពិភពលោក”។
លោកបានបន្ដថា គោលនយោបាយ របស់លោកខាងលិច មានគោលបំណងធ្វើឱ្យដៃគូ ប្រកួតប្រជែងចុះខ្សោយ ដើម្បីទទួលបានការគ្រប់គ្រង ពេញលេញលើធនធាន ដែលមានស្រាប់ និងទប់ស្កាត់ការបង្រួបបង្រួមណាមួយក្នុង ចំណោមអ្នក ដែលព្យាយាមប្រឆាំងនឹងដំណើរការនេះ។
សន្និសីទទីក្រុងម៉ូស្គូលើកទី១១ ស្តីពីសន្តិសុខអន្តរជាតិ បានប្រមូលផ្តុំអ្នកជំនាញ មន្ត្រីការពារជាតិ និងអ្នកការទូតមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហា សន្តិសុខក្នុងតំបន់ និងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា