ព័ត៌មានអន្តរជាតិ

អង្គការ NASA បញ្ចប់ការហោះហើរ ឧទ្ធម្ភាគចក្រ របស់ខ្លួនចំនួន៥៥ជើង នៅលើភពព្រះអង្គារ

ប្រភព ៖ AFP

ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារ NASA បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ ដែលហោះហើរនៅលើភពព្រះអង្គារ របស់អង្គការ NASA បានបញ្ចប់ការហោះហើរ ចំនួន៥៥ជើង នៅលើភពមួយនេះ ។
អង្គការ NASA បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះបានហោះហើរ លើកទី៥៥របស់ខ្លួន កាលពីថ្ងៃទី១២ ខែសីហា ដែលក្នុងនោះបានឡើងដល់កម្ពស់១០ម៉ែត្រ និងធ្វើដំណើរបាន២៦៤ម៉ែត្រ សម្រាប់រយៈពេល១៤២វិនាទី ។

ឧទ្ធម្ភាគចក្រមានឈ្មោះថា Ingenuity បានទៅដល់ភពព្រះអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយភ្ជាប់ទៅនឹងយានរុករក ឈ្មោះថា Perseverance rover របស់អង្គការ NASA ហើយឧទ្ធម្ភាគចក្រនេះ ជាការបង្ហាញអំពីបច្ចេកវិទ្យា ដើម្បីសាកល្បងការហោះហើរ នៅលើភពផ្សេងជាលើកដំបូង ។

អង្គការ NASA បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះត្រូវបានរចនាឡើង ដើម្បីហោះហើររយៈពេល៩០វិនាទី ទៅកាន់ចម្ងាយជិត៣០០ម៉ែត្រក្នុង១លើក និងប្រហែលពី៣ទៅ៤,៥ម៉ែត្រ ពីផ្ទៃដីនៃភពនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top