ប្រទេសកូរ៉េខាងជើងបាននិយាយថា ទាហានអាមេរិក Travis King បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួនកាលពីខែមុន ដោយសារតែ “ការធ្វើបាប និងអមនុស្សធម៌ ហើយរើសអើងពូជសាសន៍” នៅក្នុងជួរកងទ័ព។
ទាហានអាយុ២៣ឆ្នាំ Travis King បានឆ្លងកាត់ព្រំដែន ពីប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈកំពុងធ្វើដំណើរទស្សនកិច្ច មួយនៅតំបន់ព្រំដែន ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា Travis King បានសារភាពថា បានឆ្លងកាត់ខុសច្បាប់ និងចង់ជ្រកកោននៅប្រទេសកូរ៉េខាងជើង ។ នេះជាលើកទីមួយហើយដែលក្រុងព្យុងយ៉ាង បានទទួលស្គាល់ការឃុំខ្លួន ទាហានអាមេរិក។

ក្តីបារម្ភបានកើនឡើង ចំពោះសុខុមាលភាព របស់ទាហានអាមេរិក ដែលមិនត្រូវបានគេឮ ឬបានឃើញចាប់តាំងពីរូបគេ បានឆ្លងព្រំដែន ចូលទៅកូរ៉េខាងជើង ។ សហរដ្ឋអាមេរិក កំពុងព្យាយាមចរចាលើការដោះលែង Travis King ដោយមានជំនួយពីបញ្ជាការអង្គការ សហប្រជាជាតិ ដែលគ្រប់គ្រងតំបន់ព្រំដែន ហើយមានលេខទូរស័ព្ទផ្ទាល់ ទៅកាន់កងទ័ពកូរ៉េខាងជើង ៕

