ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ា ចំពោះផែនការ របស់រដ្ឋាភិបាល ក្នុងបញ្ចេញទឹកវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រ

ប្រភព ៖ Xinhua

តូក្យូ ៖ នៅពេលដែលរដ្ឋាភិបាល ជប៉ុន ខិតជិតដល់ការសម្រេចចិត្ត លើកាលបរិច្ឆេទជាក់លាក់ សម្រាប់ការបង្ហូរទឹកកខ្វក់ នុយក្លេអ៊ែរ ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ប្រជាជនជប៉ុនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាល ទីក្រុងតូក្យូ កាលពីថ្ងៃសុក្រ ដើម្បីប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការ បញ្ចេញចោលនេះ។

ថ្វីបើមានសីតុណ្ហភាព ក្តៅខ្លាំងលើសពី ៣៥អង្សាសេ ក៏ដោយ ក៏ប្រជាជនមកពីផ្នែកផ្សេងៗ នៃប្រទេសជប៉ុន បានក្លាហាន ដើម្បីប្រមូលផ្តុំនៅមុខ គេហដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃសុក្រ ដោយជំរុញឱ្យរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួនថា “គ្មានការបញ្ចេញចោល ដោយគ្មានការយល់ដឹង ពីភាគីពាក់ព័ន្ធនោះទេ “។

រងការវាយប្រហារដោយការរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ជាបន្តបន្ទាប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានទទួលរង នូវការរលាយស្នូល ដែលបានបញ្ចេញវិទ្យុសកម្ម ដែលបណ្តាលឱ្យមាន ឧបទ្ទវហេតុនុយក្លេអ៊ែរកម្រិត ៧ ដែលជាកម្រិតខ្ពស់បំផុត នៅលើមាត្រដ្ឋានព្រឹត្តិការណ៍នុយក្លេអ៊ែរ និងវិទ្យុសកម្មអន្តរជាតិ ។

រោងចក្រនេះបាននិង កំពុងបង្កើតបរិមាណដ៏ច្រើន នៃទឹកដែលប្រឡាក់ ដោយសារធាតុវិទ្យុសកម្ម ពីការធ្វើឱ្យត្រជាក់ នៃឥន្ធនៈនុយក្លេអ៊ែរ នៅក្នុងអគាររ៉េអាក់ទ័រ ដែលឥឡូវនេះត្រូវបានរក្សាទុក នៅក្នុងធុងផ្ទុកប្រហែល ១០០០ធុង ។

ក្នុងចំណោមអ្នកតវ៉ា កាលពីថ្ងៃសុក្រគឺអ្នកតវ៉ាម្នាក់ឈ្មោះ Saeko Uno ដែលបានប្រាប់ស៊ិនហួ ថាលោកស្រីចាប់ផ្តើមព្រួយបារម្ភអំពីទឹក ដែលមានជាតិនុយក្លេអ៊ែរ ចាប់តាំងពីការលេចធ្លាយសារធាតុវិទ្យុសកម្ម ត្រូវបានរាយការណ៍ក្នុងឆ្នាំ២០១២ ។

ដោយធ្វើដំណើរពីទីក្រុងក្យូតូភាគខាងលិច ប្រទេសជប៉ុន ដើមឡើយលោកស្រីជាអ្នកស្រុកនៃរដ្ឋធានីនៃខេត្តហ្វូគូស៊ីម៉ា ដែលត្រូវបានជម្លៀស ទៅកាន់លំនៅដ្ឋានបច្ចុប្បន្ន របស់លោកស្រី បន្ទាប់ពីការរញ្ជួយដីក្នុងឆ្នាំ២០១១៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top