ព័ត៌មានអន្តរជាតិ

យានអវកាសនាំ ស្បៀងរបស់រុស្ស៊ី MS-22 Progress បញ្ចប់បេសកកម្មរបស់ខ្លួន

រុស្ស៊ី ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ សាជីវកម្មអវកាសរដ្ឋរុស្ស៊ី ឈ្មោះថា Roscosmos បានឲ្យដឹងថា យានអវកាសនាំស្បៀង MS-22 Progress របស់ប្រទេសរុស្ស៊ី បានចាកចេញពីស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS) កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ហើយបានពន្លិចខ្លួននៅក្នុងតំបន់ ដែលមិនអាចរុករកបាននៃមហាសមុទ្រប៉ាស៊ីហ្វិក ។

សារជីវកម្ម Roscosmos បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ Progress MS-22 ត្រូវបានចេញពីគន្លងតារាវិថី ហើយចូលទៅក្នុង បរិយាកាស និងបំផ្លាញចោល ។ ធាតុដែលមិនអាចឆេះបាន នៃរចនាសម្ព័ន្ធរបស់យាននេះ បានធ្លាក់ចូលទៅក្នុង តំបន់ដែលមិនអាចធ្វើដំណើរបាន នៃផ្នែកខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក” ។

យានអវកាសនេះត្រូវបានគេចតចេញ ពីស្ថានីយសេវា ISS Zvezda នៅវេលាម៉ោង២និង៥០នាទីព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង២៣និង៥០នាទីម៉ោង សកលកាលពីថ្ងៃអាទិត្យ ហើយម៉ាស៊ីនរបស់យានត្រូវបានបាញ់កម្ទេចចោលនៅម៉ោង ៥និង៥៨នាទីព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង២និង៥៨នាទីម៉ោងសកលកាលពីថ្ងៃចន្ទ ។

យានអវកាស Progress MS-22 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះយាន Baikonur Cosmodrome កាលពីថ្ងៃទី៩ ខែកុម្ភៈ ដោយប្រើរ៉ុក្កែត របស់ក្រុមហ៊ុន Soyuz-2.1a ហើយបាននាំស្បៀងជាង២,៥តោនទៅកាន់ស្ថានីយISS ប្រើរយៈពេល២ថ្ងៃក្រោយ មកដោយមានជំនួយពីម៉ាស៊ីនរបស់វា ហើយយាននេះបានធ្វើការ កែតម្រូវគន្លងចំនួន៧ជុំនៅស្ថានីយ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top