តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា វត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី បាននាំឱ្យមាន “សកម្មភាពភេរវកម្មកាន់តែខ្លាំង” នៅក្នុងរដ្ឋអារ៉ាប់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។
ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់គាត់ លោក Kanaani បានលើកឡើងថា ទាំងរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ និងស៊ីរី បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា “វត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី គឺខុសច្បាប់” ដោយកត់សម្គាល់ថាទីក្រុងដាម៉ាស់ បាននិងកំពុងទាមទារឱ្យសហរដ្ឋអាមេរិក ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី។
ចំពោះកងកម្លាំងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី លោក Kanaani បានសង្កត់ធ្ងន់ថា ទាហានអ៊ីរ៉ង់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រឆាំងនឹងអំពើភេរវកម្ម និងជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋាភិបាលស៊ីរី ដោយបន្ថែមថា តួនាទីរបស់អ៊ីរ៉ង់ក្នុងប្រទេសអារ៉ាប់ គឺជាការប្រឹក្សានៅក្នុងធម្មជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា