តូក្យូ៖ ក្រុមសកម្មជនប្រឆាំងនុយក្លេអ៊ែរ បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅចុងសប្តាហ៍នេះ។
មនុស្សប្រហែល ២៣០នាក់បានចូលរួមការតវ៉ានេះបើយោងតាមក្រុមយុទ្ធនាការប្រឆាំងនុយក្លេអ៊ែរ ដោយជំរុញឱ្យរដ្ឋាភិបាលជប៉ុន “ស្តាប់សំឡេងរបស់អ្នកនេសាទ” និងមិនឱ្យបញ្ចេញ “ទឹកកខ្វក់ចូលទៅក្នុងសមុទ្រ” បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក គីស៊ីដា បានលើកឡើងថាការបញ្ចេញទឹកនឹងចាប់ផ្តើមនៅពេលព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ២ថ្ងៃខាងមុខនេះ។
លោក Masashi Tani នាយកសភាជប៉ុនប្រឆាំងនឹង A- និង H-Bombs បាននិយាយនៅចំពោះមុខក្រុមបាតុករថា “យើងមិនដឹងថាតើការបញ្ចេញទឹកនឹងចំណាយពេលយូរប៉ុណ្ណានោះទេ ហើយវានឹងបន្សល់ទុកបំណុលអាក្រក់ សម្រាប់មនុស្សជំនាន់ក្រោយ” ។
ការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការបង្ហូរចេញទឹកដែលត្រូវបានព្យាបាលបានកើតឡើង បើទោះបីជាមានការព្រួយបារម្ភក្នុងចំណោមអ្នកនេសាទក្នុងស្រុក និងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិនក៏ដោយ។
បរិមាណទឹកយ៉ាងច្រើនបានកកកុញនៅរោងចក្រហ្វូគូស៊ីម៉ា នៅភាគឦសានប្រទេសជប៉ុន ចាប់តាំងពីឧបទ្ទវហេតុនុយក្លេអ៊ែរឆ្នាំ២០១១ ដែលបង្កឡើងដោយការបំផ្លិចបំផ្លាញនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ។
លោក Miwako Kitamura អាយុ ៥៥ឆ្នាំជាអ្នកស្រុក នៃខេត្តជីបា ដែលបានចូលរួមក្នុងការប្រមូលផ្តុំនេះបានលើកឡើងថា “វាមិនអាចទទួលយកបានទេ ដែលការសម្រេចចិត្តនេះត្រូវបានបង្ខំសូម្បីតែមានការប្រឆាំងពីប្រជាជនជាច្រើននិងពីឧស្សាហកម្មនេសាទ”៕ ប្រែសម្រួល ឈូក បូរ៉ា