ព័ត៌មានអន្តរជាតិ

ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ នៅជិតទីក្រុងម៉ូស្គូ

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសបានអនុលោមកាលពីថ្ងៃពុធថា មេដឹកនាំក្រុមហ៊ុនយោធាឯកជន Wagner Group លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ក្បែរទីក្រុងម៉ូស្គូ។

យោងតាមបញ្ជីឈ្មោះដែលចេញផ្សាយដោយទីភ្នាក់ងារនៅលើគណនី Telegram របស់ខ្លួនលោក Prigozhin ស្ថិតក្នុងចំណោមមនុស្សដប់នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងការធ្លាក់កាលពីថ្ងៃពុធ។

ទីភ្នាក់ងារនេះបានឲ្យដឹងនៅមុននេះថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ដោយកត់សម្គាល់ថាលោក Yevgeny Prigozhin ស្ថិតក្នុងចំណោមអ្នកដំណើរ។

ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​របស់​រុស្ស៊ី​បាន​និយាយ​ថា យន្តហោះ Embraer ឯកជន​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​មូស្គូ​ទៅ​ទីក្រុង St. Petersburg បាន​ធ្លាក់​ក្នុង​តំបន់ Tver កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​កត់​សម្គាល់​ថា មនុស្ស​ទាំង ១០ នាក់​នៅ​លើ​នោះ​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នោះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទួលព័ត៌មានសង្ខេបអំពីរបាយការណ៍ដែលថា យន្តហោះមួយគ្រឿង ដែលត្រូវបានគេរាយការណ៍ថាដឹកលោក Prigozhin បានធ្លាក់ក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមសារព័ត៌មានសេតវិមាន។

លោក បៃដិន បាន​ឲ្យដឹងនៅពេល​សួរ​អំពី​ការ​ធ្លាក់​យន្តហោះ​នេះ​ថា “ខ្ញុំ​មិន​ដឹង​ការពិត​ថា​មាន​អ្វី​កើតឡើង​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​នោះទេ​”។ ប្រធានាធិបតី ដែលស្នាក់នៅក្នុងរដ្ឋ Nevada ពេញមួយថ្ងៃដោយគ្មានព្រឹត្តិការណ៍សាធារណៈដែលបានគ្រោងទុករូបនេះ បានលើកឡើងថា លោកកំពុងធ្វើលំហាត់ប្រាណនៅពេលត្រូវបានគេប្រាប់អំពីព័ត៌មាននេះ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top