ព័ត៌មានអន្តរជាតិ

អាមេរិក ស្វែងរកការពង្រីក វិទ្យាសាស្ត្រ និងកិច្ចព្រមព្រៀង បច្ចេកវិទ្យា ជាមួយចិនរយៈពេល ៦ ខែ

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រសួងការបរទេស សហរដ្ឋអាមេរិក កំពុងធ្វើការសម្របសម្រួល ជាមួយទីភ្នាក់ងារផ្សេងទៀត ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងស្វែងរកការបន្តរយៈពេល ៦ ខែ នៃកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់អាមេរិក-ចិន (STA) ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី ២៧ ខែសីហា ។

ការពន្យារពេលរយៈពេលខ្លីនេះ កើតឡើងនៅពេលសមាជិកសភា មកពីគណបក្សសាធារណរដ្ឋមួយចំនួន បានសម្តែងការព្រួយបារម្ភថា ប្រទេសចិន បានប្រើប្រាស់កិច្ចព្រមព្រៀងពីមុន ដើម្បីជំរុញគោលបំណងយោធារបស់ខ្លួន ហើយអាចនឹងបន្តធ្វើដូច្នេះ ។

ក្រសួងការបរទេស បាននិយាយថា ការបន្តរយៈពេលខ្លីនឹងរក្សា STA ឲ្យនៅជាធរមាន ខណៈសហរដ្ឋអាមេរិក កំពុងចរចាជាមួយប្រទេសចិនដើម្បីកែប្រែ និងពង្រឹងកិច្ចព្រមព្រៀងនេះ ។ វាមិនធ្វើឲ្យសហរដ្ឋអាមេរិក មានការពន្យារពេលយូរជាងនេះទេ ។

អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា យើងមើលឃើញយ៉ាងច្បាស់ ចំពោះបញ្ហាប្រឈមបង្កឡើង ដោយយុទ្ធសាស្រ្តជាតិរបស់ PRC ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សកម្មភាពរបស់ទីក្រុងប៉េកាំង ក្នុងលំហនេះ និងការគំរាមកំហែង ដែលពួកគេបង្កដល់សន្តិសុខជាតិ និងកម្មសិទ្ធិបញ្ញា របស់សហរដ្ឋអាមេរិក ហើយត្រូវបានឧទ្ទិសដល់ការការពារ ផលប្រយោជន៍របស់ប្រជាជនអាមេរិក ។ ប៉ុន្តែអ្នករិះគន់សភាព្រួយបារម្ភថា ភាពជាដៃគូស្រាវជ្រាវរៀបចំនៅក្រោម STA អាចបង្កើតបច្ចេកវិទ្យា ដែលក្រោយមកអាចប្រើប្រឆាំង នឹងសហរដ្ឋអាមេរិក ។
តំណាងរាស្រ្តគណបក្ស សាធារណរដ្ឋលោក Mike Gallagher, Elise Stefanik និងអ្នកផ្សេងទៀតលើលិខិតថ្ងៃទី ២៧ ខែមិថុនាផ្ញើទៅកាន់រដ្ឋមន្ត្រី ការបរទេសអាមេរិកលោក Antony Blinken ថា កាលឆ្នាំ ២០១៨ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បានរៀបចំគម្រោងមួយជាមួយរដ្ឋបាលឧតុនិយមរបស់ប្រទេសចិន ក្រោម STA ដើម្បីបាញ់បង្ហោះប៉េងប៉ោង ឧបករណ៍ដើម្បីសិក្សាបរិយាកាស ៕
ដោយ៖លី ភីលីព

Most Popular

To Top