វ៉ាស៊ីនតោន ៖ មន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការ ដើម្បីបញ្ចប់ការ រៀបចំជាផ្លូវការមួយ នៅឆ្នាំក្រោយ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់អាវុធ ល្បឿនលឿនជាងសំឡេង។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក វរសេនីយ៍ទោ Martin Meiners បានឲ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ រួមទាំងការផ្តល់មូលនិធិ និងពេលវេលា នៃការអភិវឌ្ឍន៍ មិនទាន់ត្រូវបានកំណត់នៅឡើយ ។
ការកត់សម្គាល់ របស់លោក បានធ្វើឡើងបន្ទាប់ពីមេដឹកនាំ នៃប្រទេសទាំងពីរបានយល់ព្រមលើ ការអភិវឌ្ឍន៍រួមគ្នាកាលពីថ្ងៃសុក្រ នៅពេលដែលពួកគេ បានជួបគ្នា នៅមុនកិច្ចប្រជុំកំពូលត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូងរបស់ពួកគេនៅឯជំរុំ Camp David ក្បែរទីក្រុងវ៉ាស៊ីនតោន។
កិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចញ បៃដិន ត្រូវបានឈានដល់នៅពេលដែលប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ីកំពុងស្វែងរកយ៉ាងខ្លាំងក្លា នូវសមត្ថភាពលឿនជាងសំឡេង។
មីស៊ីលលឿនជាងសំឡេង និងយានជំនិះហោះក្នុងល្បឿនលើសពី Mach 5 ដែលល្បឿនលឿនេជាងសំឡេង ៥ដង ហើយក៏អាចបត់បែនបាន និងអាចផ្លាស់ប្តូរផ្លូវក្នុងអំឡុងពេលហោះហើរ ដែលធ្វើឱ្យវាពិបាកក្នុងការបាញ់ទម្លាក់ ឬតាមដានដោយរ៉ាដា។
យោងតាមក្រសួងការពារជាតិជប៉ុន ប្រទេសទាំងពីរនឹងមានបំណងបញ្ចប់ការអភិវឌ្ឍន៍មីស៊ីលនៅត្រឹមឆ្នាំ២០៣០៕
ប្រែសម្រួល ឈូក បូរ៉ា