ម៉ូស្គូ ៖ សាជីវកម្មអវកាសរដ្ឋ Roscosmos បាននិយាយនៅថ្ងៃសុក្រនេះថា យានអវកាស ដឹកទំនិញ MS-24 Progress របស់ប្រទេសរុស្ស៊ី ដែលផ្ទុកការផ្គត់ផ្គង់ទឹក ប្រេងឥន្ធនៈ និងឧបករណ៍សម្រាប់បរិក្ខារ វិទ្យាសាស្ត្រ បានចូលចតនៅស្ថានីយ អវកាសអន្តរជាតិ (ISS)ជាផ្លូវការហើយ ។

យានអវកាសនេះ ត្រូវបានបាញ់បង្ហោះ នៅលើរ៉ុក្កែត Soyuz-2.1a របស់រុស្សី ចេញពីកំពង់ផែ Baikonur កាលពីថ្ងៃពុធ ហើយបានទៅដល់ ISS ពីរថ្ងៃក្រោយមក។ យានអវកាសនេះគ្រោង នឹងចំណាយពេលសរុប ១៧៤ថ្ងៃនៅក្នុងលំហ ។
Progress MS-24 បានបញ្ជូនទំនិញជិត ២.៥ តោនទៅកាន់ស្ថានីយ៍ រួមទាំងទំនិញស្ងួតជាង ១.៥ តោនសម្រាប់នាវិក និងប្រព័ន្ធស្ថានីយ៍ ប្រេងឥន្ធនៈប្រហែល ចំនួន ០.៥ តោន សម្រាប់ស្ថានីយ៍ ទឹកផឹក ចំនួន ៤២០ គីឡូក្រាម និងអាសូតចំនួន ៤០ គីឡូក្រាម ដើម្បីបំពេញបរិយាកាស នៅលើស្ថានីយ៍ ក៏ដូចជាឧបករណ៍ សម្រាប់ការពិសោធន៍វិទ្យាសាស្ត្រផ្សេងៗនៅលើ ISS ៕
ដោយ៖លី ភីលីព
