ព័ត៌មានអន្តរជាតិ

នាយកសារមន្ទីររបស់អង់គ្លេស លាលែងពីមុខតំណែង ក្រោយគេដាក់ការសង្ស័យ ពីបទលួចវត្ថុបុរាណ

ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក Hartwig Fischer នាយកសារមន្ទីរអង់គ្លេស បានលាលែងពីមុខតំណែង នឹងប្រសិទ្ធភាពភ្លាមៗ ក្រោយពីមានការចោទប្រកាន់ថា បានលួចវត្ថុបុរាណពីស្ថាប័នទីក្រុងឡុងដ៍ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Fischer បានលើកឡើងថា សារមន្ទីរ “មិនបានឆ្លើយតបយ៉ាងទូលំទូលាយដូចដែលវាគួរតែមានក្នុងការឆ្លើយតបទៅនឹងការព្រមាន (នៃការលួច) នៅក្នុងឆ្នាំ២០២១” ហើយថា “ការទទួលខុសត្រូវចំពោះការបរាជ័យនោះធ្លាក់មកលើនាយកដដែល” ។

ខាងសារមន្ទីរអង់គ្លេស បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានបណ្តេញបុគ្គលិកម្នាក់ បន្ទាប់ពីវត្ថុបុរាណពីការប្រមូលរបស់ខ្លួន រួមទាំងគ្រឿងអលង្ការមាស និងត្បូងដ៏មានតម្លៃ និងកញ្ចក់ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១៥មុនគ.ស. ត្រូវបានរកឃើញថា បានបាត់ លួច ឬខូចខាតនោះ ។

យោងតាមរបាយការណ៍របស់សាជីវកម្មផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស អ្នកលក់សិល្បៈម្នាក់បានជូនដំណឹងដល់សារមន្ទីរអំពីការលួចនៅក្នុងឆ្នាំ២០២១ ប៉ុន្តែលោក Fischer បានលើកឡើងថា អ្នកលក់សិល្បៈខ្លួនឯងមិនបានរក្សាទុកព័ត៌មានអំពីវត្ថុបុរាណដែលត្រូវបានលួចនោះទេ នៅគ្រាដែលគាត់ទាក់ទងទៅសារមន្ទីរនោះ ។

លោក Fischer បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ពីការលាលែងពីមុខតំណែងរបស់គាត់យ៉ាងដូច្នេះថា “ខ្ញុំចង់សម្តែងការសោកស្តាយដោយស្មោះរបស់ខ្ញុំ និងធ្វើការកត់សម្គាល់លើបញ្ហាទាំងនោះ” ។

គួរបញ្ជាក់ថា ខាងសារមន្ទីរបានបើកការត្រួតពិនិត្យដោយឯករាជ្យលើផ្នែកសន្តិសុខ ហើយបញ្ហានេះក៏ត្រូវបានស៊ើបអង្កេតដោយប៉ូលិសក្រុងផងដែរ ហើយប៉ូលិសបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ត្រូវបានសាកសួរដោយមន្ត្រីស៊ើបអង្កេតជុំវិញករណីចោរកម្ម ប៉ុន្តែមិនមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top