កង់បេរ៉ា៖ ប្រតិបត្តិការជួយសង្គ្រោះបន្ទាន់កំពុងដំណើរការបន្ទាប់ពីយន្តហោះយោធាអាមេរិកមួយគ្រឿងបានធ្លាក់នៅឆ្នេរសមុទ្រ នៃដែនដីភាគខាងជើង នៃប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យន្តហោះយោធាធុន Boeing V-22 Osprey កំពុងចូលរួមក្នុងសមយុទ្ធហ្វឹកហាត់នៅម៉ោង ៩ និង៤៥នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យ នេះ នៅពេលដែលវាបានធ្លាក់លើកោះ Melville ចម្ងាយប្រហែល ៦០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងដាវីន។
យោងតាមសារព័ត៌មាន Australian Associated Press មានមនុស្ស ២៣ នាក់នៅលើយន្តហោះនៅពេលធ្លាក់យន្តហោះ។ គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ មិនទាន់មានការបញ្ជាក់អំពីអ្នកស្លាប់នៅឡើយទេ ប៉ុន្តែសាជីវកម្មផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ថា សេវាវេជ្ជសាស្រ្តផ្លូវអាកាស CareFlight បានដឹកអ្នកដំណើរ ដែលរងរបួសចំនួន ៣នាក់ ដែលម្នាក់ក្នុងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ដាវីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអូស្ត្រាលីបានឲ្យដឹងថា បុគ្គលិកទាំងអស់នៅលើយន្តហោះនេះ គឺជាជនជាតិអាមេរិក។ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា”របាយការណ៍ដំបូងបង្ហាញថាឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងបុគ្គលិកការពារជាតិអាមេរិក ហើយថាសមាជិកកងកម្លាំងការពារអូស្ត្រាលីមិនមានពាក់ព័ន្ធនោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា