ប៉េរូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ ជនជាតិជប៉ុន និងជនជាតិប៉េរូ បានរកឃើញផ្នូររបស់បូជា ចារ្យដែលមានអាយុ ៣០០០ ឆ្នាំ រួមជាមួយគ្រឿងបូជា និងវត្ថុធ្វើអំពីសេរ៉ាមិច នៅភាគខាងជើង ប្រទេសប៉េរូ ។
អ្នកជំនាញបុរាណវិទ្យា Juan Pablo Villanueva បានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា ថ្មីៗនេះយើងបានរកឃើញផ្នូរ ដែលមានអាយុ ៣០០០ ឆ្នាំនៅកន្លែងបុរាណវត្ថុ Pacopampa ក្នុងតំបន់ Cajamarca ចម្ងាយ ៩០០ គីឡូម៉ែត្រភាគខាងជើង នៃទីក្រុង Lima ។ អ្នកស្រាវជ្រាវបាននិយាយថា នេះជាផ្នូររបស់លោកបូជាចារ្យដំបូងគេនៅ Andes ដោយមានតង្វាយជា បន្តបន្ទាប់ស្ថិតនៅភាពជា បរិបទពិធីបុណ្យសព។
លោកបន្តថា រាងកាយចុងផ្នែកខាងក្រោម របស់សពបានបត់ដោយផ្នែកៗ ត្រូវបានតម្រង់ទិសពីត្បូងទៅជើង ចំណែកនៅផ្នែកខាងលិច នៃផ្នូរមានចានសេរ៉ាមិចរាងស្វ៊ែរតូចៗ បន្ទះឆ្អឹងឆ្លាក់ និងគ្រឿងបូជាផ្សេងទៀត។ ត្រាចំនួន ២ ក៏ត្រូវបានរកឃើញដែរ ដោយមួយមានការ រចនាមុខមាត់មនុស្ស និងមួយទៀតមាន រូបរាងដូចសត្វខ្លា ។
រូបកាយ និងដង្វាយត្រូវបាន គ្របដណ្ដប់ដោយផេះ ព្រមទាំងយ៉ាងហោចណាស់ ៦ ស្រទាប់។ ផ្នូរនេះមានរាងជារង្វង់ មានអង្កត់ផ្ចិតបីម៉ែត្រ និងជម្រៅមួយម៉ែត្រ ។
អ្នកបុរាណវិទូជនជាតិជប៉ុន Yuji Seki បានធ្វើការនៅទីតាំងនេះអស់រយៈពេល ១៨ ឆ្នាំបានប្រាប់ AFP ថា ការរកឃើញនេះ គឺមានសារសំខាន់ ខ្លាំងណាស់ ព្រោះលោក គឺជាបូជាចារ្យដំបូងគេ ដែលចាប់ផ្តើមគ្រប់គ្រង ប្រាសាទនៅភាគខាងជើង Andes ។
អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា បូជាចារ្យរស់នៅប្រហែល ១០០០មុនគ.ស។ លោក Seki បាននិយាយថា ការរកឃើញនេះបានជួយបង្ហាញថា សូម្បីតែកាលពីយូរយារណាស់មកហើយ មេដឹកនាំដ៏មានឥទ្ធិពលបានបង្ហាញខ្លួននៅ Andes ។
នៅខែកញ្ញា ឆ្នាំ ២០២២ ក្រុមអ្នកបុរាណវត្ថុវិទ្យាដូចគ្នា បានរកឃើញផ្នូរដែលមានអាយុជាង ៣០០០ ឆ្នាំនៃបុរសម្នាក់ ដែលពួកគេហៅថា បូជាចារ្យនៃពុទ្ធូតូរួមជាមួយ នឹងឧបករណ៍ភ្លេង ដែលធ្វើពីសម្បកសត្វសមុទ្រ ៕
ដោយ៖លី ភីលីព