ព័ត៌មានអន្តរជាតិ

បារាំង នឹងហាមឃាត់ មិនឲ្យស្លៀកពាក់ ឈុតឥស្លាមចូលក្នុងថ្នាក់រៀនឡើយ

រូបភាពពី៖​ AFP

ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរបារាំង នឹងហាមប្រាមលើការស្លៀកពាក់នៅក្នុសាលាដោយប្រើឈុត ឥស្លាម ហៅថា abaya ដែលពាក់ដោយស្ត្រីមូស្លីមមួយចំនួន ដោយបានអះអាងថា សម្លៀកបំពាក់នេះបានរំលោភលើច្បាប់​ សាសនាដ៏តឹងរឹងរបស់ប្រទេសបារាំងក្នុងវិស័យអប់រំ ។

លោក Gabriel Attal រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់ដល់ទូរទស្សន៍ TF1 ថា “វានឹងមិនអាចពាក់សម្លៀកបំពាក់ឥស្លាមនៅក្នុងសាលាបានទៀតទេ” ដោយបានថ្លែងថា គាត់នឹងផ្តល់នូវ “ច្បាប់ដ៏ជាក់លាក់សម្រាប់នៅថ្នាក់ជាតិ” ដល់នាយកសាលាមុនការត្រលប់ទៅថ្នាក់រៀនទូទាំងប្រទេសចាប់ពីថ្ងៃទី៤ ខែកញ្ញា ។

គួរបញ្ជាក់ថា សម្រាប់ចំណាត់ការនេះកើតឡើងបន្ទាប់ពីមានការជជែកវែកញែកគ្នាជាច្រើនខែជុំវិញការស្លៀកពាក់សម្លៀកបំពាក់ឥស្លាមនៅក្នុងសាលាបារាំង ជាកន្លែងដែលស្ត្រីត្រូវបានហាមប្រាមជាយូរមកហើយពីការពាក់កន្សែងគ្របលើក្បាលរបស់ឥស្លាម ។

ក្រុមប្រកាន់ស្តាំ និងស្តាំនិយម បានជំរុញឱ្យមានការហាមប្រាម ដែលក្រុមប្រកាន់ឆ្វេង បានប្រកែកថា នឹងរំលោភសិទ្ធិសេរីភាពពលរដ្ឋ ។

មានសេចក្តីរាយការណ៍មកថា សម្លៀកបំពាក់ខាងលើនេះ ត្រូវបានពាក់កាន់តែខ្លាំងឡើងៗនៅក្នុងសាលារៀន និងមានភាពតានតឹងនៅក្នុងសាលារៀនជុំវិញបញ្ហារវាងគ្រូ និងឪពុកម្តាយ ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top