វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាស នូវកញ្ចប់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដែលមានតម្លៃ ២៥០ លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ថ្មីនេះរួមមាន កាំជ្រួច AIM-9M សម្រាប់ការពារដែនអាកាស គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket Systems គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០៥មីលីម៉ែត្រ និងគ្រាប់រំសេវអាវុធធុនតូចជាង ៣ លានគ្រាប់។
ជំនួយចុងក្រោយបំផុត ត្រូវបានប្រតិបត្តិក្រោមការណែនាំពីមុនពីប្រធានាធិបតីលោក ចូ បៃចិន ដោយប្រើអាជ្ញាធរដកប្រធានាធិបតី (PDA) ។ សព្វាវុធ និងបរិក្ខារដែលត្រូវបានផ្តល់តាមរយៈវិធីសាស្រ្តនេះត្រូវបានទាញដោយផ្ទាល់ពីស្តុករបស់ក្រសួងការពារជាតិ (DoD) សម្រាប់អ៊ុយក្រែន។
នេះគឺជាជំនួយយោធាដែលទាក់ទងនឹង PDA លើកទី៤៥ របស់រដ្ឋបាលលោក បៃដិន ដល់អ៊ុយក្រែន ចាប់តាំងពីខែសីហា ឆ្នាំ២០២១ នេះបើយោងតាមបញ្ជី DoD នៃអាវុធចុងក្រោយបំផុត ដែលធ្វើដំណើរទៅកាន់អ៊ុយក្រែន។
យោងតាម DoD បានឱ្យដឹងថា សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយយោធាជាង ៤៣,៧ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីរដ្ឋបាលលោក បៃដិន ចូលកាន់តំណែង រួមទាំងជាង ៤៣ ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។
ជាមួយនឹងជម្លោះនៅតែបន្តកើតមាន មានការប្រឆាំងក្នុងស្រុកកាន់តែខ្លាំងឡើង ជាពិសេសពីគណបក្សសាធារណៈរដ្ឋ ដើម្បីប្រើប្រាស់លុយអ្នកបង់ពន្ធរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនមូលនិធិដល់អ៊ុយក្រែន ដោយគ្មានដែនកំណត់។
ក្នុងអំឡុងពេលការជជែកដេញដោលបឋមរបស់ GOP លើកដំបូងនៅថ្ងៃទី២៣ ខែសីហា បេក្ខជនមួយចំនួនរបស់គណបក្ស សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បានសម្តែងការខកចិត្តរបស់ពួកគេ ចំពោះគោលនយោបាយរបស់រដ្ឋបាលលោក បៃដិន ក្នុងការគាំទ្រផ្នែកយោធារបស់អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា