ST. PETERSBURG ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា លោក Yevgeny Prigozhin ប្រធានក្រុមយោធាស៊ីឈ្នួល Wagner ត្រូវបានគេបញ្ចុះសាកសព ដោយលក្ខណៈឯកជនកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងកំណើតរបស់គាត់ ។ ក្រុមសេវាកម្មសារព័ត៌មានរបស់លោក Prigozhin បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram ថា ពិធីបញ្ចុះសពបានធ្វើឡើងក្នុងទម្រង់បិទជិត ហើយអ្នកដែលមានបំណង ចង់គោរពគាត់អាចទៅទស្សនាទីបញ្ចុះសពនៅក្រុង St. ។
ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ដែលដកស្រង់ប្រភពបានរាយការណ៍ថា ស្របតាមការចង់បានរបស់គ្រួសារ របស់លោក Prigozhin មានតែសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធបំផុតរបស់គាត់តែប៉ុណ្ណោះដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបុណ្យសពនេះ ។
គួររំលឹកថា យន្តហោះឯកជនរុស្ស៊ី១គ្រឿងបានធ្លាក់កាលពីថ្ងៃទី២៣ ខែសីហា នៅតំបន់ Tver នៃប្រទេសរុស្ស៊ី ដែលកំពុងធ្វើដំណើរពីទីក្រុងម៉ូស្គូ ទៅកាន់ទីក្រុង St. Petersburg ដោយបានសម្លាប់អ្នកដំណើរ និងសមាជិកនាវិកទាំងអស់នៅលើយន្តហោះ ។ លោក Prigozhin និងសមាជិកជាន់ខ្ពស់មួយចំនួនរបស់ក្រុម Wagner ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះដែរ ហើយមូលហេតុ នៃការធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា