ព័ត៌មានអន្តរជាតិ

យន្តហោះដឹកជញ្ជូនធុន Il-76 របស់រុស្ស៊ី ជាច្រើនគ្រឿង រងការខូចខាតធ្ងន់ធ្ងរ ក្នុងការវាយប្រហារ ដោយយន្តហោះដ្រូន

ប្រភព៖AFP

គៀវ៖ អ៊ុយក្រែនបានឲ្យដឹងថា យន្តហោះដឹកជញ្ជូនធុន Il-76 ចំនួន ៤គ្រឿងត្រូវបានបំផ្លាញធ្ងន់ធ្ងរ ក្នុងអំឡុងពេលការវាយប្រហារ ដោយយន្តហោះដ្រូនមួយយប់ នៅអាកាសយានដ្ឋាន Pskov ភាគខាងលិចប្រទេសរុស្ស៊ី នេះបើយយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Andriy Yusov អ្នកនាំពាក្យសម្រាប់ចារកម្មយោធា អ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលអ៊ុយក្រែនថា ” យន្ដហោះដឹកជញ្ជូនធុន Il-76 ចំនួន ៤គ្រឿងត្រូវបានបំផ្លាញ និងមិនអាចស្តារឡើងវិញ បាននោះទេ។

លោក​មិន​បាន​បញ្ជាក់​ថា ​តើ​អ៊ុយក្រែន​ជា​អ្នក​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ​ឬ​យ៉ាង​ណា​ទេ។ នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា យន្តហោះដឹកជញ្ជូន Il-76 ត្រូវបានខូចខាតអំឡុងពេលមានការវាយប្រហារដោយយន្តហោះដ្រូន នៅអាកាសយានដ្ឋាន Pskov ដោយដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី។

អភិបាលតំបន់ Pskov លោក Mikhail Vedernikov បានឲ្យដឹងថា មិនមានជនរងគ្រោះនោះទេ យោងតាមព័ត៌មានបឋម ហើយទំហំនៃការបំផ្លិចបំផ្លាញ កំពុងត្រូវបានបញ្ជាក់។ យោងតាមគេហទំព័រ របស់អាកាសយានដ្ឋាន កងវរសេនាធំអាកាសចរណ៍ដឹក ជញ្ជូនយោធាទី៣៣៤ របស់រុស្ស៊ី ប្រដាប់ដោយយន្តហោះ II-76 ត្រូវបានឈរជើង នៅអាកាសយានដ្ឋាន នៅពេល នៃការវាយប្រហារដោយយន្តហោះដ្រូន។

អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍កាលពីថ្ងៃពុធថា អ៊ុយក្រែន នឹងមិនអាចវាយប្រហារ គោលដៅជ្រៅៗ នៅក្នុងទឹកដីរុស្ស៊ីបាននោះទេ បើគ្មានទិន្នន័យផ្កាយរណប ដែលទទួលបានពីលោកខាងលិច៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top