វ៉ាស៊ីនតោន ៖ មន្ត្រីការពារជាតិ អាមេរិកបាននិយាយថា ប្រទេសរុស្ស៊ី បានប្រើប្រាស់គេហទំព័រក្លែងក្លាយ ដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួន របស់ទាហានអ៊ុយក្រែនរាប់ពាន់នាក់ និង សមាជិកគ្រួសាររបស់ពួកគេ ដោយពួកគេជឿថា ជាការប៉ុនប៉ង ដើម្បីឃុំខ្លួនសមាជិកគ្រួសារ កំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ដែលកាន់កាប់ ហើយនិរទេសពួកគេ ទៅកាន់ប្រទេសរុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
មន្ត្រីការពារជាតិអាមេរិក ២ នាក់បាននិយាយថា អង្គភាពសង្គ្រាមព័ត៌មានរុស្ស៊ី បានបង្កើតគេហទំព័រ បោកបញ្ឆោតយ៉ាងតិច ២ គឺ WarTears.org និង ForeignCombatants.ru ដាក់ជាគេហទំព័រជំនួយ សម្រាប់មិត្តភក្តិ និងសមាជិកគ្រួសារ នៃទាហានអ៊ុយក្រែន ដែលបានបាត់ខ្លួន ចាប់ខ្លួន ឬធ្លាក់។ លោក Petro Yatsenko អ្នកនាំពាក្យការិយាល័យកណ្តាល សម្របសម្រួលអ៊ុយក្រែនសម្រាប់ការព្យាបាលអ្នកទោស សង្គ្រាមបានបញ្ជាក់ប្រាប់ VOA ថា គេហទំព័រទាំង ២ នេះគឺជាការបោកប្រាស់។ លោកបានបន្តថា មានគេហទំព័របន្លំស្រដៀងគ្នារាប់សិប ដែលព្យាយាមប្រមូលទិន្នន័យពីក្រុមគ្រួសារ ។
លោក Yatsenko បានប្រាប់ VOA ថា ពួកគេកេងប្រវ័ញ្ចសាច់ញាតិដែលងាយរងគ្រោះបំផុត និងមនុស្សជាទីស្រឡាញ់នៃទាហានដែលបានបាត់ខ្លួន ឬត្រូវបានចាប់ខ្លួន ដោយសាច់ញាតិសង្ឃឹមថា មនុស្សជាទីស្រឡាញ់របស់ពួកគេមិនស្លាប់ទេ ប៉ុន្តែត្រូវជាប់គុក ដូច្នេះពួកគេផ្តល់ទិន្នន័យ ផ្ទាល់ខ្លួនរបស់ពួកគេ។
គេហទំព័រមួយក្នុងចំណោម គេហទំព័រ WarTears.org អះអាងថា មានកំណត់ត្រាទាហានអ៊ុយក្រែនជាង ១៧០,០០០នាក់នៅក្នុងមូលដ្ឋាន ទិន្នន័យរបស់ខ្លួន ។ មន្ត្រីការពារជាតិអាមេរិកបន្តថា ពួកគេជឿថា រុស្ស៊ីកំពុងប្រើប្រាស់ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន របស់ជនជាតិអ៊ុយក្រែន ទទួលបានតាមរយៈគេហទំព័រទាំងនេះ ដើម្បីកំណត់ថាតើទាហាន និងសមាជិកគ្រួសារ របស់ពួកគេណាម្នាក់ កំពុងរស់នៅក្នុងទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី ។
យោងតាមមន្ត្រីបាននិយាយថា អ្នករស់នៅក្នុងទឹកដីកាន់កាប់អាចត្រូវបានរកឃើញ ពិនិត្យ ឃាត់ខ្លួន និងនិរទេសទៅប្រទេសរុស្ស៊ី។ លោក Col. Cedric Leighton បានចំណាយពេលជាង ២ ទស្សវត្សរ៍ជាមន្ត្រី ស៊ើបការណ៍សម្ងាត់ បាននិយាយថា វាពិតជាគួរឲ្យព្រួយបារម្ភណាស់ ប៉ុន្តែវាក៏បង្ហាញពីភាព ហ្មត់ចត់នៃសមត្ថភាពប្រមូល ទិន្នន័យរបស់រុស្ស៊ី និងឆន្ទៈរបស់ពួកគេក្នុងការទាញ យកភាពងាយរងគ្រោះទាំងនេះ ៕
ដោយ៖លី ភីលីព