ព័ត៌មានអន្តរជាតិ

អូទ្រីស៖ ក្រុមហ៊ុនលោកខាងលិច ត្រឹមតែ១០ភាគរយប៉ុណ្ណោះដែលចាកចេញពីរុស្សី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា មកទល់ពេលនេះក្រុមហ៊ុនប្រមាណជា៩០ភាគរយ នៃអាជីវកម្មលោកខាងលិច ដែលមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី មុនពេលជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងនៅតែបន្តដំណើរការនៅក្នុងប្រទេសនេះនៅឡើយ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Frankfurter Allgemeine Zeitung លោក Schallenberg ក៏បានគូសបញ្ជាក់ថា ដោយឡែកក្រុមហ៊ុនរុស្ស៊ី ក៏នៅតែបន្តសកម្មនៅក្នុងប្រទេសអូទ្រីស និងអាល្លឺម៉ង់ ខណៈដែលការពឹងផ្អែករបស់ទីក្រុងវីយែនលើការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសដែលរងទណ្ឌកម្មនៅតែមានកម្រិតខ្ពស់នៅឡើយ។

ការពឹងផ្អែករបស់ប្រទេសអូទ្រីស លើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ត្រូវបានកាត់បន្ថយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវានៅតែស្ថិតនៅមានចំនួន៥០ភាគរយដដែលដោយរដ្ឋមន្ត្រីរូបនេះ បាននិយាយដោយសង្កត់ធ្ងន់ថា ប្រទេសដែលគ្មានផ្លូវទឹកដូចជាអូទ្រីសឬ Landlockdedមិនអាចសាងសង់ស្ថានីយឧស្ម័ន LNG មិនដូចប្រទេសសមាជិកសហភាពអឺរ៉ុប មួយចំនួននោះទេ។

គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំនេះ លោក Schallenberg ក៏ធ្លាប់បាននិយាយហើយថា ប្រទេសរុស្ស៊ី នឹងនៅតែមានសារៈសំខាន់សម្រាប់សហភាពអឺរ៉ុប នៅឡើយ ដោយជំរុញឱ្យសមាជិកសភា នៃប្លុកនេះ ក្នុងការទទួលយកការពិតមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top