ព័ត៌មានអន្តរជាតិ

អង់គ្លេស កំពុងពិចារណាដាក់ក្រុម Wagner ជាអង្គការភេវរកម្ម

រូបភាពពី៖​ AFP

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួលរុស្សី Wagner កំពុងស្ថិតនៅក្នុងការពិចារណាដោយប្រទេសអង់គ្លេស ដើម្បីចាត់វាចូលទៅជាក្រុមបណ្តាញភេវរកម្មអន្តរជាតិ ដែលមានន័យថាអង្គភាព និងក្រុមហ៊ុនណាដែលពាក់ព័ន្ធក៏ចាត់ចូលជាក្រុមអ្នកគាំទ្រភេវរកម្មដូចគ្នាដែរ។

ប្រភពដដែលបានបន្តទៀតថា សេចក្តីព្រាងដែលកំពុងដាក់នៅលើតុពិភាក្សារួចរាល់ក្នុងសភាជាតិរបស់ប្រទេសអង់គ្លេស ហើយប្រសិនបើការអនុម័ត នឹងចូលជាធរមានគេនឹងមើលឃើញថាមានទ្រព្យសម្បត្តិមួយចំនួនដែលពាក់ព័ន្ធនឹងក្រុម Wagner នឹងត្រូវរឹបអូស។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់ចក្រភពអង់គ្លេស មួយរូបបាននិយាយថាក្រុម Wagner គឺជាក្រុមដែលប្រើប្រាស់អំពីហិង្សា និងមានសកម្មភាពបែបបំផ្លាញហើយជាពិសេស វាគឺជាឧបករណ៍ដែលត្រូវបានប្រើប្រាស់ ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin ផងដែរ។

គួរឲ្យដឹងដែរថា Wagner បានដើរតួយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការពិសេសរបស់រុស្សីក្នុងការលុកលុយប្រទេសអ៊ុយក្រែនព្រមទាំងប្រតិបត្តិការយោធាផ្សេងទៀតនៅអាហ្វ្រិកស៊ីរីលីប៊ិនិងម៉ាលីផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top