អាមេរិក ៖ កាសែត Washington Post បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov មុនពេលធ្វើការសម្រេចចិត្តបិទសេវា អ៊ីនធើណេត ផ្កាយរណប Starlink របស់លោកនៅ Crimea កាលពីខែកញ្ញាឆ្នាំមុន ដើម្បីរារាំងការវាយប្រហារ របស់អ៊ុយក្រែនលើឧបទ្វីបនេះ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT។
កាសែតនេះបានចេញផ្សាយព័ត៌មាន លម្អិតបន្ថែមអំពីលោក Musk កាត់បន្ថយ ការគ្របដណ្តប់ Starlink ដើម្បីការពារការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន លើមូលដ្ឋានកងនាវាចរ សមុទ្រខ្មៅរបស់រុស្ស៊ី នៅទីក្រុង Sevastopol ។ ព្រឹត្តិការណ៍នេះបានកើតឡើង ត្រូវបានពិពណ៌នានៅក្នុងជីវប្រវត្តិ របស់មហាសេដ្ឋីបច្ចេកវិទ្យា ដោយប្រវត្តិវិទូលោក Walter Isaacson នឹងត្រូវដាក់លក់នៅសប្តាហ៍ក្រោយ។
លោក Isaacson បានសរសេរលើសៀវភៅ របស់លោកថា ជាមួយនឹងកងកម្លាំង របស់ Kiev បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការវាយប្រហារ របស់ពួកគេ លោក Musk បាននិយាយជាមួយលោក Antonov បានប្រាប់លោកថា ការវាយប្រហារលើ Crimea បានក្លាយជាផ្នែកនៃប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិកាលឆ្នាំ ២០១៤ អាចនាំឲ្យមានការឆ្លើយតប ដោយនុយក្លេអ៊ែរពីទីក្រុងម៉ូស្គូ ។
ប្រវត្តិវិទូបានសរសេរថា ការសន្ទនា ជាមួយមនុស្ស២ឬ៣ នាក់ទៀត លោក Musk ហាក់ដូចជាបញ្ជាក់ថា លោកបាននិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ប៉ុន្តែចំពោះខ្ញុំ លោកបាននិយាយថា ការទំនាក់ទំនង របស់លោកបានឆ្លងកាត់ឯកអគ្គរដ្ឋទូត។
យោងតាម Isaacson លោក Musk បានសន្និដ្ឋានថា ការធ្វើឲ្យប្រើប្រាស់ Starlink សម្រាប់ការវាយប្រហារ អាចជាគ្រោះមហន្តរាយសម្រាប់ពិភពលោក ។ ដូច្នេះលោក បានយកបញ្ហា ទៅក្នុងដៃរបស់លោកហើយបានណែនាំដោយសម្ងាត់ ដល់វិស្វករឲ្យបិទការ គ្របដណ្តប់ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Crimean ។ ជាលទ្ធផល នៃការផ្លាស់ប្តូរនេះ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួនប្រាំមួយគ្រឿង ដែលពឹងផ្អែកលើ Starlink សម្រាប់ការរុករកបានបាត់បង់ការតភ្ជាប់ និងបានបោកបក់ទៅឆ្នេរ សមុទ្រដោយគ្មានគ្រោះថ្នាក់ ៕
ដោយ៖លី ភីលីព