ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចនៅរុស្ស៊ី តាមការអញ្ជើញ របស់លោក ពូទីន

​ប្រភព៖ kyodo

​តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានរាយការណ៍​ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញដំណើរ ទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី ​ សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ដំណើរ​ទស្សនកិច្ច​ របស់​លោក គីម គឺ​តាម​ការ​អញ្ជើញ​របស់​លោក ពូទីន នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ។ ប្រភពស្និទ្ធនឹងអាជ្ញាធរ រុស្ស៊ីបានឲ្យដឹងថា រថភ្លើងដឹកលោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសរុស្ស៊ី ហើយថាលោក គិម និងលោក ពូទីន ទំនងជានឹងជួបពិភាក្សាគ្នា នៅល្ងាចថ្ងៃអង្គារ។

កិច្ចពិភាក្សាចុងក្រោយទាំងពីរ បានធ្វើឡើងនៅទីក្រុងវ្លាឌីស្ដុក ក្នុងខែមេសា ឆ្នាំ២០១៩ លោក ពូទីន បានទៅដល់ទីក្រុង វ្លាឌីស្ដុក ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចរយៈពេល ២ថ្ងៃចាប់ពីថ្ងៃអាទិត្យនេះទៅ។

ប្រភព​បានឲ្យដឹង​ថា លោក គីម ដែល​កម្រ​ធ្វើ​ដំណើរ​ ទៅ​ក្រៅ​ប្រទេស​របស់​លោក ​ទំនង​ជា​នឹង​ស្នាក់​នៅ​រុស្ស៊ី​រហូត​ដល់​ថ្ងៃ​ពុធ។

កាសែត New York Times បានរាយការណ៍កាលពីសប្តាហ៍មុនថា មេដឹកនាំទាំងពីរ នឹងជួបពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការ យោធាផ្សេងទៀត។ នេះ​កើត​ឡើង​ខណៈ​ដែល​រុស្ស៊ី កំពុង​តស៊ូ​ក្នុង​ការ​ឈ្លានពាន​អ៊ុយក្រែន ​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ។
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top